នៅថ្ងៃទី៩ ខែកញ្ញាបារាំងមានករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅជិត ៨៦០០នាក់ ក្នុងនោះមានអ្នកជំងឺត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក៏កើនឡើងផងដែរ។ នេះជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលបារាំងលុបច្បាប់គ្រាមានអាសន្ន។
មន្ត្រីសុខាភិបាលបារាំងបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា នៅទូទាំងប្រទេសមានករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងដល់ទៅ ៨៥៧៧នាក់ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការឆ្លងកូវីដ-១៩មក។ ក្នុងរយៈពេល២៤ម៉ោងនោះបារាំងបានរកឃើញតំបន់ឆ្លងកូវីដ-១៩ ដល់ទៅ៧១កន្លែង ។ ចំណែកក្នុងរយៈពេល១សប្តាហ៍កន្លងមក បារាំងមានករណីឆ្លងដល់ទៅ ៤៧.៣០០នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មី មានដល់ទៅ៦០០នាក់ស្ថិតនៅក្នុងការជួយសង្គ្រោះបន្ទាន់ ត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម។ លោក Olivier Véran រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនលោកបានព្រមានពីចំនួនអ្នកឆ្លងច្រើន ហើយធ្ងន់ត្រូវសង្គ្រោះបន្ទាន់។ លោកបន្តទៀតថា ក្នុងរយៈពេល១៥ថ្ងៃខាងមុខ នឹងមានចំនួនអ្នកឆ្លង ក៏ដូចជាត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ កើនឡើងខ្ពស់។
ដោយសារតែមានករណីឆ្លងរាលដាលច្រើន រដ្ឋាភិបាលបារាំង អាចនឹងដាក់ប្រទេសក្នុងគ្រាអាសន្នសាជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាល បើទោះបីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជិតបានប្រើប្រាស់ជាផ្លូវការក្តី។ នៅពេលនេះគេរង់ចាំមើលប្រធានាធិបតីបារាំង លោកម៉ាក្រុង នឹងធ្វើសន្និសីទកាសែតនៅថ្ងៃសុក្រទី១១ខែកញ្ញា ដើម្បីសម្រេចថា តើត្រូវដាក់ប្រទេសក្នុងគ្រាអាសន្នដែរឬទេ ៕