ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឃាត់ខ្លួន ភ្លាមៗ ទៅលើស្ត្រីម្នាក់ ដែលបានវាយសំពងសម្លាប់ប្ដីខ្លួនឯង ដោយប្រើដំបងឈើគ្រញូង នៅក្នុងការសងសឹកមួយដែលខ្លួនបានគុំកួនជាយូរមកហើយ ដោយសារប្ដីរូបនេះ ឧស្សាហ៍ផឹកស្រា រករឿងវាយតប់ញឹកញាប់ពេក ។ គេថាគាត់ជាលោកយាយដំបូងគ្រញូង ល្បីជាលោកតាដំបងគ្រញូងនិម្មិតរូបខេត្តបាត់ដំបង ដែលមានបរមីទៅទៀត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា ការឃាត់ខ្លួនបានធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងផ្ទះស្ត្រីនេះផ្ទាល់ ដែលជាទីកន្លែងកើតហេតុ និងបន្ទាប់ពីសមត្ថកិច្ចបានបណ្ដែតបណ្ដោយធ្វើជាមិនដឹងរឿង ទុកលទ្ធភាពឲ្យស្ត្រីរូបនេះ ធ្វើបុណ្យសពជូនប្ដីឱ្យបានសព្វគ្រប់សិន ព្រោះថា ដំបូងឡើយស្ត្រីរូបនេះ បានភូតភរសមត្ថកិច្ច ថា ប្ដីខ្លួនមានរឿងជាមួយនឹងអ្នកផឹកស៊ីដូចគ្នា មិនដឹងមកពីណាពីណី ត្រូវគេវាយដំ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបន្ទាប់មកក៏បានស្លាប់… រឿងនេះសមត្ថកិច្ចក៏ព្រមជឿសិន ប៉ុន្តែសមត្ថកិច្ចបានលួចស្រាវជ្រាវដឹងការពិតរួចហើយ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ វិន សែន អាយុ៣១ឆ្នាំ, ។ ចំណែកជនរងគ្រោះជាប្តីមានឈ្មោះ ឆេន ធីម អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិ-ឃុំ កើតហេតុខាងលើ។ កាលពីវេលាម៉ោង ០៨៖៤០នាទីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើងនៅ ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត បណ្តាលឱ្យបុរសម្នាក់នេះស្លាប់ក្នុងថ្លុកឈាម ដោយត្រូវជនសង្ស័យយកដំបងឈើគ្រញូងវាយទៅលើ ត្រូវចំចិញ្ចើម បាក់ថ្គាម និងបាក់ដងកាំបិតខាងស្តាំ ។
ជនសង្ស័យជាប្រពន្ធ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីពិតប្រាកដមែន មូលហេតុដោយសារខឹងប្តីរូបនេះ តែងតែផឹកស្រា និងប្រើអំពើហិង្សាមកលើខ្លួនជាច្រើនលើក រហូតធ្វើឱ្យខ្លួនមានគំនុំ គុំកួនថា ថ្ងៃណាមួយនឹងសម្លាប់ប្តីឱ្យបាន ឥឡូវបានសម្រេចហើយ ។ បច្ចុប្បន្ន ស្ត្រីជាជនដៃដល់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ សហការី