ដើរតាមគន្លង​អារ៉ាប់ ប្រទេសបារ៉ែន​ បានបង្កើនទំនាក់ទំនងជាមួយអុីស្រាអែល​

ចែករំលែក៖

អន្តរជាតិ៖នៅថ្ងៃទី១២ ខែកញ្ញា ប្រទេសបារ៉ែន បានដើរតាមប្រទេសអារ៉ាប់រួម​(UAE) ដោយបង្កើនទំនាក់ទំនង ជាមួយ​អុីស្រាអែល​។ សកម្មភាពខាងលើ​បង្កក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសអុីរ៉ង់​ ក្រោយប្រទេសសម្បូរប្រេង​នៅតំបន់អារ៉ាប់បង្កើនទំនាក់ទំនងជាមួយអុីស្រាអែល ដើម្បីប្រឆាំងអុីរ៉ង់។
នៅលើបណ្តាញសង្គម​ Twitter ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានទូរស័ព្ទជាមួយព្រះមហាក្សត្រប្រទេស បារ៉ែន ព្រះចៅ Hamad bin Isa Al Khalifa និងនាយករដ្ឋមន្ត្រី​​អុីស្រាអែលលោកណេតាន់ យ៉ាហ៊ូ ស្តីពីការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
លោកត្រាំបានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មាន​ថា «នេះពិតជាពេលវេលាប្រវត្តិសាស្ត្រ​ សម្រាប់ប្រទេសតំបន់អារ៉ាប់និងអុីស្រាអែល​ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ។ លោកត្រាំសង្ឃឹមថា នឹងមាន​ប្រទេសជាច្រើនទៀតក្នុងពិភពអារ៉ាប់​បង្កើនទំនាក់ទំនងជាមួយអុីស្រាអែល។
នៅក្នុងសេចក្តីប្រកាសរួម​រវាងអុីស្រាអែល និងបារ៉ែន​ ប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនង​ទ្វេភាគី​ដោយផ្ទាល់ដើម្បីការរីកចម្រើន ស្ថិរភាពនិងសន្តិសុខ ។
ក្រោយពេលទំនាក់ទំនង អុីស្រាអែល និងប្រទេសតំបន់អារ៉ាប់ល្អប្រសើរ អុីរ៉ង់កាន់តែបារម្ភ​ ដោយសម្ពន្ធមិត្តអុីស្រាអែលកាន់តែច្រើនឡើង នឹងធ្វើឲ្យអុីរ៉ង់​ត្រូវឡោមព័ទ្ធដោយប្រទេសក្នុងតំបន់អារ៉ាប់៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print