ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៧ កង់ដែរដាក់អបនៅតាមបណ្តោយផ្លូវរថភ្លើង មុខសាលាបឋមសិក្សា តាំងកសាង ត្រូវបានបុរសម្នាក់បើករថយន្តtoyota priusមួយគ្រឿងបុកបាក់អស់ចំនួនមួយកង់ ចំណែករថយន្តខ្ទេចផ្នែកខាងមុខខាងឆ្វេងនឹងបែកកង់ផ្ទប់ជាប់និងរបាំងថ្មទៅមុខលែងរួច។
ហេតុការណ៍កាលនេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងវត្តតាំងកសាង ស្ថិតនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្រុសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AS-9646ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវនៅចំណុចកើតហេតុខាងលើពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនមួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងនិងបែកកង់ផ្ទប់នឹងរបាំងថ្មទៅមុខលែងរួច។បន្ទាប់មកប្រជាពលរដ្ឋក៏ដូចជាម្ចាស់រថយន្តបាននាំគ្នារុញរថយន្តមកអែបនឹងចិញ្ចើមផ្លូវ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ៖ សុខាសែនជ័យ