ក្រោយអាជ្ញាធរចិន ឃុំឃាំងជនស៊ីវិលឥណ្ឌា៥នាក់ នៅក្បែរតំបន់ព្រំដែនជម្លោះរវាងចិននិងឥណ្ឌា ពេលនេះត្រូវបានដោះលែងវិញហើយ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមកងទ័ពឥណ្ឌា អះអាងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ថា៖ ជនស៊ីវិលឥណ្ឌា៥នាក់ ដែលត្រូវបានអាជ្ញាធរចិនឃុំឃាំងនៅក្បែរតំបន់ព្រំដែនជម្លោះរវាងចិននិងឥណ្ឌា ត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរឥណ្ឌាវិញហើយ

អ្នកនាំពាក្យកងទ័ពជើងគោកឥណ្ឌា លោក Harsh Wardhan Pande  បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលទាំង៥នាក់ នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ មុននឹងអនុញ្ញាតឲ្យទៅជួបក្រុមគ្រួសារពួកគេវិញ បើតាមលោក Pande យុវជនឥណ្ឌាទាំង៥នាក់នេះ បានធ្វើដំណើរតែលតោល ហើយចៃដន្យបានឆ្លងព្រំដែនជម្លោះ ខណៈកំពុងស្វែងរកនិងបរបាញ់សត្វ។

វរសេនីយ៍ទោ Pande បញ្ជាក់បន្ថែមថា ហេតុការណ៍ស្រដៀងគ្នានេះក៏ធ្លាប់កើតឡើង២ដងហើយក្នុងឆ្នាំ២០២០នេះ ក្នុងរដ្ឋ Arunachal Pradesh របស់ឥណ្ឌា ដែលមានព្រំដែនជាប់ប្រទេសចិន នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters

ប៉ុន្តែទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយ បានចុះផ្សាយថា អ្នកទាំង៥នាក់នេះ គឺជាភ្នាក់ងារចារកម្មឥណ្ឌា ដែលបន្លំខ្លួនជាអ្នកបរបាញ់សត្វ ហើយបដិសេធការអះអាងថា រដ្ឋាភិបាលចិនបានចាប់ពង្រាត់ជនស៊ីវិលទាំងនេះ។

ជាក់ស្តែងការពិតទៅ ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា ចិន មានភានតានតឹងខ្លាំង ចាប់តាំងពីការប៉ះទង្គិចនៅព្រំដែន ក្នុងខែមិថុនា ដែលសម្លាប់ទាហានឥណ្ឌា ២០នាក់ ខណៈគ្មានតួលេខពីចិន។ កាលពីដើមសប្តាហ៍មុន បន្ទាប់ពីមានរបាយការណ៍ជនស៊ីវិល ៥នាក់ ពីរដ្ឋ Arunachal Pradesh បានបាត់ខ្លួន ខាងរដ្ឋាភិបាលបានអះអាងថា កងទ័ពចិនបានបញ្ជាក់ថាពលរដ្ឋឥណ្ឌាទាំង៥នាក់ត្រូវបានរកឃើញក្នុងទឹកដីចិន។

សូមជម្រាបថា ការបាត់ខ្លួនរបស់ជនស៊ីវិលឥណ្ឌាទាំង៥នាក់នេះ កើតឡើងស្របពេលដែលឥណ្ឌានិងចិនមានភាពតានតឹងផ្នែកព្រំដែន។ ភាគីទាំងពីរបានចោទគ្នាថាបានបាញ់កំាភ្លើងឡើងទៅលើ ដែលទង្វើនេះគឺផ្ទុយនឹងច្បាប់ហាមឃាត់ការប្រើកាំភ្លើងនៅតំបន់ជម្លោះនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកញ្ញាកន្លងទៅ រដ្ឋមន្ត្រីការបរទសចិន លោក វ៉ាង យី និងសមភាគីឥណ្ឌា S Jaishankar បានជួបគ្នាក្នុងរដ្ឋធានីមូស្គូ ហើយបានយល់ព្រមគ្នាកាត់បន្ថយភាពតានតឹងផ្នែកព្រំដែនផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print