ពុទ្ធបរិស័ទខ្មែរគួរយល់ដឹងអំពីពាក្យ សូត្រពេលចាប់បាយបិណ្ឌ មានអត្ថន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ពុទ្ធបរិស័ទខ្មែរជាច្រើនដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនានិងតែងនាំគ្នាប្រារព្ធពិធីបុណកយកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិសេសពេលបោះបាយបិណ្ឌតាមការប្រតិបត្តិតំណដូនតាជារៀងរហូតមក ដែលមួយចំនួនមិនទាន់យល់ដឹងអំពីពាក្យ សូត្រពេលចាប់បោះបាយបិណ្ឌ “ តើមានអត្ថន័យយ៉ាងដូចម្តេច?ក្នុងន័យនេះយើងសូមលើកមកបង្ហាញតាមការស្រាវជ្រាវដូចតទៅ ពិធីនេះជាកិច្ចប្រារព្វធ្វើឡើង តាមបែបព្រហ្មញ្ញសាសនាខ្មែរបុរាណ ដ៏យូរលង់ណាស់មកហើយ « បុណ្យភ្ជុំបិណ្ឌ » ត្រូវបាន ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ទ្រង់ចេញព្រះរាជបញ្ជាឲ្យប្រមុខក្រសួងនិងមន្ត្រី រាជការ ឱ្យយកបុណ្យនេះប្រារព្ធធ្វើក្នុងក្របខណ្ឌនៃព្រះពុទ្ធសាសនាវិញ និងមួយទៀតព្រះអង្គទ្រង់ក៏បានចាត់បញ្ជាឱ្យរាប់បញ្ចូលបុណ្យនេះដាក់ក្នុង ពិធីបុណ្យទ្វារទសមាស ទុកប្រារព្ធជាទំនៀមតាមរាជប្រពៃណីតរៀងមក ។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុរាណាចារ្យខ្មែរយើងពោលពាក្យមួយឃ្លា ដែលតែងតែនាំគ្នាសូត្រនៅពេលដែល « ចាប់បោះបាយបិណ្ឌ » ពោលគឺវេលា ដែលពូតបាយជាពំនូតបិណ្ឌសម្រាប់យកទៅបោះឱ្យពពួកប្រេតស៊ីជាអាហារ ដែលពាក្យនោះមានអត្ថន័យដូចតទៅ « ខ្ញុំសូមចាប់បផះបាយបិណ្ឌ មធុបាយាស ព្រះពុទ្ធបានត្រាស់ ពោធិសត្វផងផ្តាំទៅ “ តាកឹង “ ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង យកបាយទៅជូនដូនតា »
ការសូត្រខាងលើនេះ យើងគ្រប់គ្នាច្បាស់ជាឆ្ងល់ថា តើ “ តាកឹង ឬ តាកិង្ករ “ នោះជានរណា ? និងមកពីណា ?
ដោយយោងតាមសិលាចារឹក ក.២២ ( K.22 ) ក្នុងសតវត្សទី៧ និងសិលាចារឹក ក.២៧៧ ( K.277 ) ក្នុងសតវត្សទី ១១ បានសរសេរថា ពាក្យ « កិង្ករ » ជាពាក្យសំស្រឹ្កតហើយខ្មែរយើងសព្វថ្ងៃអានថា « កឹង » នេះ គឺជាការអានក្លាយទៅតាមបែបបទស័ព្ទជាធម្មតា និងហៅសម្តៅលើ ក្រុមយមបាល ដែលមានមុខមាត់គួរឱ្យខ្លាច ហើយមានអាកប្បកិរិយាកាចសាហាវ យង់ឃ្នងវាយដំនិងធ្វើទារុណកម្មគ្រប់បែបយ៉ាងដល់អ្នកដែលធ្លាក់ទៅក្នុងឋាននរក ។ សរុបសេចក្តីមក ពាក្យ « កឹង្ករ » ឬ « កឹង » ដែលសរសេរជាធម្មតានេះ ប្រើសម្រាប់ហៅ ក្រុមសេនាបរិវារ ដែលជាបាវបម្រើរបស់ស្តេចយមរាជ ឋាននរកតែប៉ុណ្ណោះ។
មួយវិញទៀត ក្នុងពាក្យសូត្រចាប់បោះបាយបិណ្ឌដែល យើងគួរយកមកគិតផងនោះគឺនៅត្រង់អ្នកសូត្រម្នាក់ៗសុំឱ្យ តាកឹង « ចាប់ឆ្កែចង » កុំឱ្យរំខានគេនៅពេលដែលគេយកបាយទៅជូនដូនតា ។ ការសូត្របែបនេះជាការយល់ឃើញនិងក្លាយនៅពេលក្រោយមកតែប៉ុណ្ណោះ ដ្បិតក្នុងព្រហ្មញ្ញសាសនាគឺ ព្រះយមរាជអង្គឯងនោះហើយ ដែលមានចិញ្ចឹមឆ្កែកាច ដល់ទៅពីរធំៗហើយឆ្កែនីមួយៗមានភ្នែកដល់ទៅបួន ។ ដូច្នេះនេះគ្រាន់តែជាការក្លាយពី យមរាជមានចិញ្ចឹមឆ្កែកាចៗ តែប៉ុណ្ណោះ ។
នេះបើយោង តាមឯកសារ ក្នុង វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ឯកសារមហាបុរសខ្មែរ ស្រាវជ្រាវ ដោយ សាស្ត្រាចារ្យ អេង សុត ឯកសារកម្រងអត្ថបទ ក្នុងបណ្តាព័ត៌មានវប្បធម៌ខ្មែរ ស្រាវជ្រាវដោយ សាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន និង ស៊ីយ៉ុន សុភារិទ្ធ ដែលបានចងក្រងទុកមកសម្រាប់ពុទ្ធបរិស័ទឲ្យបានយល់ដឹងពីអត្ថន័យអំពីពាក្យ សូត្រពេលចាប់បោះបាយបិណ្ឌ “ ថាយ៉ាងដូចម្តេចនោះ៕
ដោយ÷ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print