ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨,០០នាទីព្រឹកលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួមយុទ្ធនាការបោសសម្អាត និង ធ្វើអនាម័យតាមតាបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិ២–៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្នុងយុទ្ធនាការនេះ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌដូនពេញ គណៈនាយករដ្ឋបាល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញខណ្ឌលោក–លោកស្រីចៅសង្កាត់ និង ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១និងបងប្អូនកម្មករក្រុមហ៊ុនស៊ីនទ្រី ។
នាឱកាសនោះដែរ លោក សុខ ពេញវុធ បានបញ្ជាក់ថា គោលបំណងនៃកាបោសសម្អាត និង ធ្វើអនាម័យនាពេលនេះ គឺចង់បង្ហាញអោយបងប្អូនប្រជាពលរដ្ឋតំបន់ផ្លូវរថភ្លើងនេះ ចេះស្រលាញ់បរិស្ថាន ចេះទុកដាក់សម្រាមអោយបានត្រឹមត្រូវ និង មិនចោលសំរាម ពាសវាលពាសកាលនៅតាមទីសាធារណៈផ្សេងៗ និងត្រូវចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ក៏ដូចជានៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅឲ្យកាន់តែល្អប្រសើរឡើង ៕ដោយ៖ស តារា