ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យទី១៣ខែកញ្ញានេះ បានបង្ហោះសារអំពាវនាវ និងក្រើនរំលឹកជូនបងប្អូន ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ។
ក្នុងសាររបស់លោក អភិបាលខេត្តព្រះសីហនុ បានសរសេរថា សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ–១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគឬទឹកអាល់កុល។
បន្ថែមពីនេះ លោក គួច ចំរើន បានគូសបញ្ជាក់ថា សូមបងប្អូនពាក់ម៉ាសការពារឲ្យបានល្អ, ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សារ តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ ធនាគារ វត្តអារាម និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ ត្រូវមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល ៕ដោយ៖ស តារា