ព្យុះហឺរីខិនថ្មីមួយទៀត នឹងវាយប្រហារលើសហរដ្ឋអាមេរិក នៅតំបន់ឈូងសមុទ្រម៉ិចស៉ីកូ ក្នុងរយៈពេល១ខែចុងក្រោយនេះ

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញផ្សាយថា ព្យុះត្រូពិចមួយឈ្មោះ Sally កំពុងតែកើនឡើងថាមពលនៅភាគខាងលិចរដ្ឋផ្លូរីដា ហើយត្រូវគេរំពឹងថានឹងវិវត្តទៅជាព្យុះហឺរីខិនកម្រិតទី១ និងជាព្យុះហឺរីខិនទីពីរដែលនឹងវាយប្រហារលើសហរដ្ឋអាមេរិក ក្នុងរយៈពេល១ខែចុងក្រោយនេះ

បើតាមការព្យាករណ៍របស់អ្នកជំនាញ បានអះអាងថា៖ ព្យុះ Sally អាចមានកម្លាំងខ្យល់បោកបក់កើនដល់ ១៣៧គីឡូម៉ែត្រក្នុងមួយម៉ោងហើយវាត្រូវគេរំពឹងថានឹងធ្វើដំណើរមកដល់រដ្ឋ Louisiana នៅថ្ងៃអង្គារសប្តាហ៍ក្រោយ (ពេលវេលានៅអាមេរិក)

ជុំវិញបញ្ហានេះ លោក John Bel Edwards អភិបាលរដ្ឋ Louisiana បានសម្រេចប្រកាសភាពអាសន្ន និងស្នើឲ្យប្រជាជននៅក្នុងរដ្ឋនេះត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះហឺរីខិន Sally

សូមជម្រាបថា ព្យុះ Sally ត្រូវគេរំពឹងថា នឹងមិនមានទំហំឬកម្លាំងខ្លាំងក្លាដូចជាព្យុះហឺរីខិន Laura កាលពីខែសីហានោះទេ តែក៏ពុំអាចមើលស្រាលបាននោះដែរ។ ខណៈដែលព្យុះ Laura ដែលបានវាយប្រហារមកលើតំបន់ឆ្នេរអាមេរិកនៅឈូងសមុទ្រម៉ិចស៉ីកូដូចគ្នាកាលពី៣សប្តាហ៍មុន បានវិវត្តខ្លួនរហូតដល់ព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយវាបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅតាមបណ្តាក្រុង នៃរដ្ឋ Louisiana ហើយបង្កឲ្យអ្នករស់នៅរដ្ឋនេះ និងរដ្ឋ Texas ភាគច្រើន ដាច់ចរន្តអគ្គិសនីប៉ុន្មានសប្តាហ៍ឯណោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print