នៅថ្ងៃទី១៣ខែកញ្ញា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចកាត់បន្ថយការរិឹតត្បិតប្រឆាំងកូវីដ-១៩ នៅទីក្រុងសេអ៊ូលនិងតំបន់ជាច្រើនទៀត ដោយសារតែការទប់ស្កាត់ កន្លងមកទទួលបានលទ្ធផលវិជ្ជមាន ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកChung Sye-kyun បានឲ្យដឹងថា ការសម្រេចកាត់បន្ថយការរឹតត្បិតគឺដោយសារតែកូរ៉េខាងត្បូងមិនមានការណីឆ្លងថ្មីច្រើនគួរឲ្យបារម្ភ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រីChung Sye-kyun បានឲ្យដឹងថា « ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញ រដ្ឋាភិបាលបានសម្រេច កាត់បន្ថយការរឹតត្បិតឲ្យពលរដ្ឋមានសេរីភាពឡើងវិញ ។ បច្ចុប្បន្នការរឹតត្បិតស្ថិតនៅកម្រិតទីពីរតែប៉ុណ្ណោះ»។
លោកChung Sye-kyun បានបន្តទៀតថា រយៈពេលកន្លងមក ពលរដ្ឋពិតជាហត់នឿយ និងធុញថប់យ៉ាងខ្លាំង ដោយសារតែច្បាប់គម្លាតសង្គម រឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ។
ចាប់ពីថ្ងៃទី ១៤ខែកញ្ញា នៅទីក្រុងសេអ៊ូល នឹងត្រូវបន្ថយការរឹតត្បិតពីកម្រិតទី៣ មកនៅត្រឹមកម្រិតទីពីរតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានៅទីសាធារណៈ ជប់លៀង លើសពី១០០នាក់ឡើយ៕