រឿងព្រងខ្មែរ÷ ស្រ្តីមានសហាយ ៗ ស្លាប់

ចែករំលែក៖

មាន​និទាន​មួយ​ថា : មាន​បុរស​ម្នាក់​និង​ស្រី​ម្នាក់​ជា​ស្មន់​អន្ធករ​ផង​គ្នា លួច​ទៅ​មក​រក​គ្នា ម្ដាយ​ឪពុក​ពុំ​ដឹង​ឡើយ ។ មាន​កាល​មួយ​ថ្ងៃ ខ្លែង​ឆាប​ពស់​វែក​ឆី វា​ហើរ​មក​ជ្រុះ​ពស់​លើ​ដំបូល​ផ្ទះ​ស្រី​នោះ ។ ក្នុង​រាត្រី​នោះ​ឯង​បុរស​នោះ​ទៅ​កាន់​ផ្ទះ​មេ​ស្មន់​អន្ធករ គាប់​ចួន​ភ្លៀង​ធំ បុរស​នោះ​ស្រែក​ទឹក​ប្រើ​មេ​ស្មន់​អន្ធករ​ទៅ​សិត​ទឹក​ឲ្យ ។ មេ​ស្មន់​អន្ធករ​ពុំ​ទៅ​សិត​ទឹក​អំពី​ក្អម​បែរជាយកសៀន(ប្រដាប់ត្បាញដោយបន្ទោះផ្ដៅឬបន្ទោះឫស្សីហើយខ្មុកម្រ័ក្សណ៍ជាដើម មានទ្រង់ទ្រាយជាផ្ដិល សម្រាប់ប្រើការជាជំនួសផ្ដិលនៅខេត្តកំពង់ធំច្រើនមានអ្នកចេះធ្វើសៀនលក់, ជារបរសំខាន់មួយយ៉ាងរបស់ខ្មែរ)ទៅត្រងទឹកភ្លៀងនៅរងស្បូវ ត្រូវ​ឆ្អឹង​ពស់​វែក​នោះ ទឹក​ភ្លៀង​ដូច​គេ​លាង​ពិស​ពស់​ហូរ​ចូល​ទៅ​ក្នុង​សៀន ។ មេ​ស្មន់​អន្ធករ​មិន​បាន​ដឹង ក៏​យក​មក​ឲ្យ​បុរស​នោះ​ផឹក ។ កម្លាំង​ពិស​ពស់​ខ្លាំង បុរស​នោះ​ក៏​ហល់​ផ្ទៃ​ស្លាប់​ទៅ ។ មេ​ស្មន់​អន្ធករ​បី​ខ្មោច​បុរស​នោះ​យក​ទៅ​ដាក់​នៅ​កណ្ដាល​ផ្លូវ ។ លុះ​ព្រឹក​ឡើង ឪពុក​ម្ដាយ​បុរស​ស្លាប់​នោះ ដឹង​ថា​កូន​បាត់​ហើយ​ដើរ​ខ្មីឃ្មាត​ទៅ​រក បាន​ឃើញ​ខ្មោច​កូន​នៅ​កណ្ដាល​ផ្លូវ​ក៏​ភិតភ័យ​រលះ​រលាំង​ទៅ​ប្ដឹង​ចៅក្រម ។ ឯ​ចៅក្រម​ដណ្ដឹង​ថា “កូន​នោះ​ស្លាប់​ដោយ​មាន​ហេតុ​ឬ​ឥត​ហេតុ ?” ។ ម្ដាយ​ឪពុក​ឆ្លើយ​ថា “ ខ្ញុំ​ពុំ​ឃើញ​ហេតុ​អ្វី​ទេ ” ។ ចៅក្រម​ថា “ បើ​ឥត​ហេតុ​ដូច្នោះ យើង​នឹង​ជំនុំ​ជម្រះ​ឲ្យ​ពុំ​បាន ” ។ ទើប​ឪពុក​ម្ដាយ​ប្ដឹង​ចៅក្រម ឲ្យ​នាំ​ខ្លួន​ឡើង​ទៅ​គាល់​ព្រះមហាក្សត្រ​ហើយ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះអង្គ​មេត្តា​ប្រោស, កូន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នេះ​ស្លាប់​នៅ​កណ្ដាល​ផ្លូវ ចៅក្រម​ពិចារណា​រក​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ពុំ​បាន​ឡើយ ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​មក​ក្រាប​ទូល​ព្រះបាទ​អម្ចាស់​ពុំ​ចេរ សូម​ទ្រង់​ព្រះ​ពិចារណា” ។ ទើប​ព្រះ​មហាក្សត្រ​ទ្រង់​មាន​ព្រះបន្ទូល​ថា “បើ​អស់​ចៅក្រម​ទាំង​អម្បាល​ម៉ាន​នោះ​ជំនុំ​ពិចារណា​ក្ដី​នេះ​ពុំ​បាន ក៏​អញ​នឹង​ពិចារណា​ខ្លួន​ឯង” ទើប​ព្រះអង្គ​ឲ្យ​ហៅ​កំលោះ​រាជានុកូល​ម្នាក់​មក ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា “ចូរ​ព្រះស្ដែង​យក​ខ្មោច​បុរស​នោះ​ទៅ​ដាក់​លើ​ផ្ទះ​ឪពុក​ម្ដាយ ហើយ​ប្រាប់​អស់​ទាំង​ស្រី​ផង​ឲ្យ​ទៅ​យំ​សោក​ក្បែរ​ខ្មោច​បុរស​នោះ ហើយ​ព្រះស្ដែង​ចាំ​ស្ដាប់​ទំនួញ​អស់​ស្រី​ទាំង​នោះ​វា​យំ​ទួញ​ថា​ម្ដេច​ៗ ខ្លះ ? ស្រី​ណា​យំ​សោក​ស្ដាយ​ថា​ម្ដេច ព្រះស្ដែង​កត់​ត្រា​ឈ្មោះ​អស់​ស្រី​អម្បាល​នោះ​សព្វ​គ្រប់​យក​មក​ឲ្យ​អញ” ។ ឯ​ចៅ​កំលោះ​រាជានុកូល​នោះ ក្រាប​ថ្វាយ​បង្គំ​ទទួល​ព្រះបន្ទូល​ចេញ​ទៅ​យក​ខ្មោច​បុរស​នោះ​ទៅ​ដាក់​លើ​ផ្ទះ​ម្ដាយ​ឪពុក ហើយ​ប្រាប់​អស់​ស្រី​ផង​ឲ្យ​មក​យំ​សោក ខ្មោច​នោះ​ដូច​ព្រះបន្ទូល ។ អស់​ស្រី​ឯ​ទៀត​មក​យំ​ហើយ​ទៅ​ផ្ទះ​ទីទៃ ៗ ទៅ​នៅ​តែ​មេ​ម្នាក់​យំ​សោក​អាល័យ​ពុំ​អស់​សេចក្ដី​ពុំ​ទៅ​ផ្ទះ ឱប​ខ្មោច​ទួញ​យំ​នៅ​ទីនោះ ។ កំលោះ​រាជានុកូល ​កត់​ដោយ​ដំណើរ​ហើយ​យក​ទៅ​ទូល​ព្រះមហាក្សត្រ ព្រះអង្គ​ជ្រាប​ដោយ​ដំណើរ​នោះ​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ទៅ​ដណ្ដឹង​មេ​នោះ​ថា “ ត្រូវ​ជា​សាច់​ញាតិ​ម្ដេច​និង​ខ្មោច​នោះ បាន​ជា​ឱប​ទួញ​យំ​ពុំ​ទៅ​ផ្ទះ” ។ មេ​នោះ​ឆ្លើយ​ថា “ ពុំ​ជា​សាច់​ញាតិ​ទេ ត្បិត​ចៅ​នេះ​ជា​ស្មន់​អន្ធករ​នឹង​ខ្ញុំ ទៅ​រក​ខ្ញុំ ចួន​ភ្លៀង​ធំ ចៅ​នេះ​ស្រែក​ទឹក ខ្ញុំ​យក​សៀន​ត្រង់​ទឹក​ភ្លៀង​ឲ្យ​ចៅ​នេះ ៗ នេះ​ផឹក​ហើយ ស្រាប់​តែ​ហល់​ផ្ទៃ​ស្លាប់​យប់​នោះ​ឯង ខ្ញុំ​យក​ខ្មោច​ទៅ​ដាក់​នៅ​កណ្ដាល​ផ្លូវ ខ្ញុំ​ស្រណោះ​បុរស​នេះ​ឯង​ទើប​ខ្ញុំ​យំ ” ។ កំលោះ​រាជានុកូល​ក៏​នាំ​ពាក្យ​ទាំង​នេះ ទៅ​ក្រាប​ទូល​ព្រះមហាក្សត្រ ។ ព្រះអង្គ​បាន​ជ្រាប​អស់​ដំណើរ​ដូច្នោះ​ហើយ ទើប​ព្រះអង្គ​ឲ្យ​មក​មើល​លើ​ដំបូល​ផ្ទះ​ស្មន់​អន្ធករ​នោះ ឃើញ​មាន​ឆ្អឹង​ពស់​វែក​នៅ​ទី​ដែល​មេ​ស្មន់​អន្ធករ​ត្រង​ទឹក​ភ្លៀង​ឲ្យ​បុរស​នោះ​ផឹក ទើប​ទ្រង់​មាន​ព្រះបន្ទូល​ថា “នេះ​ហេតុ​កម្ម​បុរាណ​ខ្លួន​ឯង​មក​ផ្ដល់ ” ឯ​មេ​ស្មន់​អន្ធករ​នោះ​ពុំ​ធ្វើ​ថ្នាំ​បំពុល​ឡើយ” ។ ព្រះអង្គ​ពុំ​ឲ្យ​ឪពុក​ម្ដាយ​បុរស​ស្លាប់​នោះ​នាំ​មេ​ស្មន់​អន្ធករ​នោះ​ជា​ក្ដី​ឡើយ បើ​ឲ្យ​មេ​ស្មន់​អន្ធករ​នោះ​ទៅ​លំនៅ​អាត្មា​ទីទៃ ៗ ហោង ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរនៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print