ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា ចំនួន ១៣៩នាក់ ក្នុងចំណោមនោះ មាននារីចំនួន ១១នាក់ បន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី រយៈពេលមួយឆ្នាំ ហើយកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កងទ័ពទាំងនោះ បាននិវត្តមកដល់កម្ពុជាវិញ ត្រូវបានមន្រ្តីជំនាញសុខាភិបាលត្រួតពិនិត្យសុខភាព និងធនិងធ្វើតេស្តរកវីរុសកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុននឹងឡើងរថយន្ត បន្តទៅស្នាក់នៅតាមសាលាហ្វឹកហ្វឺន ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្នុងការតាមដានសុខភាពបន្ត។ ចំណែកឯលទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ នឹងត្រូវក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពរក្សាសន្តិភាពព្រមទាំងនាយទាហាន នាយទាហានរង មជ្ឈមណ្ឌលជាតិជាច្រើនរូបទៀត បានអញ្ជើញទទួលស្វាគមន៍កងកម្លាំងយោធាមួកខៀវ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដោយឡែកលោកឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាអនុប្រធានគណៈកម្មការការងារកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងបញ្ជាក់ថា កងយោធាមួកខៀវកម្ពុជា ដែលទើបធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជា នាពេលនេះត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និងកាកសំណល់សង្គ្រាម នៅស្រុកឧដុង្គ ចំនួន ៤៥នាក់ ក្នុងនោះ មាននារីម្នាក់ និងនៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចំនួន ៩៤នាក់ ក្នុងនោះ មាននារីចំនួន ១០នាក់។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ២កង មានកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះនិងកងអនុសេនាធំកងម្ទេចគ្រាប់ សរុបចំនួន ២១៨នាក់ ក្នុងនោះ មានកម្លាំងនារី ១៨នាក់ បានចាកចេញពីភ្នំពេញ ទៅបំពេញបេសកកម្មក្នុងនាមអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានលើកឡើងថា កងកម្លាំងដែលត្រូវប្តូរវេននេះ គឺតម្រូវឲ្យមានលិខិតបញ្ជាក់ថាបុគ្គលនីមួយៗ មិនមានផ្ទុកមេរោគកូវីដ១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក មុនចេញដំណើររយៈពេល ១៤ថ្ងៃ ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ពេលទៅដល់តំបន់បេសកកម្ម ទើបអនុញ្ញាតឲ្យចល័ត ទៅកាន់ទីតាំងឈរជើង។
នាយឧត្តមសេនីយ៍រូបនេះ បន្ថែមថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលមេរោគកូវិដ១៩ ដោយមជ្ឈមណ្ឌលជាតិ ក៏បានបញ្ជូនថ្នាំពេទ្យ និងសម្ភារៈការពារមេរោគនេះ ទៅដល់តំបន់បេសកកម្មមុនអស់ហើយដែរ។ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ក៏បន្តក្រើនរំលឹកដល់កម្លាំងមួកខៀវកម្ពុជាទាំងអស់ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩នេះផងដែរ។
លោក សែម សុវណ្ណនី បានគូសបញ្ជាក់ថា បើទោះបីកម្ពុជា ជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ច ក្នុងការចូលរួមថែរក្សាសន្តិភាព នៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជា ចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវ ក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានកម្លាំងមួកខៀវ ចំនួន ៥កងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះមានកងទ័ពនារី ជិត ៨០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ដោយ៖ស តារា