កងទ័ព​មួក​ខៀវ​កម្ពុជា ១៣៩​នាក់ ត្រូវ​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលា​ហ្វឹកហ្វឺន នៅ​ឧដុង្គ និង​ភ្នំស្រួច ក្រោយបញ្ចប់បេសកម្ម​មកដល់​ពី​ប្រទេស​ម៉ាលី

ចែករំលែក៖

ភ្នំពេញ៖ កង​ទ័ពមួក​ខៀវ​កម្ពុជា ចំនួន ១៣៩នាក់ ក្នុងចំណោម​នោះ មាន​នារី​ចំនួន ១១​នាក់ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី រយៈពេល​មួយឆ្នាំ ហើយកាលពី​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ កងទ័ពទាំងនោះ បាន​និវត្ត​មកដល់​កម្ពុជាវិញ ត្រូវបាន​មន្រ្តីជំនាញសុខាភិបាលត្រួតពិនិត្យ​សុខភាព និង​ធនិងធ្វើតេស្តរកវីរុសកូវីដ-​១៩ នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុននឹង​ឡើងរថយន្ត បន្តទៅ​ស្នាក់​នៅតាម​សាលា​ហ្វឹកហ្វឺន ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ថ្ងៃ ក្នុងការតាមដាន​សុខភាព​បន្ត​។ ចំណែកឯលទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ នឹងត្រូវ​ក្រសួងសុខាភិបាល ប្រកាស​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​រក្សា​សន្តិភាពព្រមទាំង​នាយទាហាន នាយទាហានរង មជ្ឈមណ្ឌល​ជាតិ​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ទទួល​ស្វាគមន៍​កងកម្លាំង​យោធា​មួក​ខៀវ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

ដោយឡែកលោកឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​អនុប្រធាន​គណៈកម្មការ​ការងារ​កូ​វីដ​-១៩ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ថ្លែង​បញ្ជាក់ថា កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​ទើប​ធ្វើ​មាតុភូមិនិវត្តន៍ មកដល់​កម្ពុជា នាពេលនេះត្រូវបាន​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព បណ្តុះបណ្តាល​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម នៅ​ស្រុក​ឧដុង្គ ចំនួន ៤៥​នាក់ ក្នុងនោះ មាន​នារី​ម្នាក់ និង​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​ពហុ​សាន៍ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺចំនួន ៩៤​នាក់ ក្នុងនោះ មាន​នារី​ចំនួន ១០​នាក់​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១១ ខែកញ្ញាកន្លងទៅ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ចំនួន ២​កង មាន​កងអនុសេនាធំ​វិស្វកម្ម​ព្រលានយន្តហោះនិង​កងអនុសេនាធំ​កង​ម្ទេ​ច​គ្រាប់ សរុប​ចំនួន ២១៨​នាក់ ក្នុងនោះ មាន​កម្លាំង​នារី ១៨​នាក់ បាន​ចាក​ចេញពី​ភ្នំពេញ ទៅ​បំពេញបេសកកម្មក្នុងនាម​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី​។

​នាឱកាសនោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​លើកឡើងថា កងកម្លាំងដែល​ត្រូវ​ប្តូរ​វេន​នេះ គឺ​តម្រូវឲ្យមាន​លិខិត​បញ្ជាក់ថាបុគ្គល​នីមួយៗ មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ និង​តម្រូវឲ្យធ្វើ​ច​ត្តា​ឡី​ស័ក មុន​ចេញដំណើរ​រយៈពេល ១៤​ថ្ងៃ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤​ថ្ងៃ​ទៀត ពេលទៅដល់​តំបន់​បេសកកម្ម ទើប​អនុញ្ញាតឲ្យចល័ត ទៅកាន់​ទីតាំង​ឈរជើង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍រូបនេះ បន្ថែមថា កម្ពុជា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ចំពោះ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វិដ​១៩ ដោយ​មជ្ឈមណ្ឌល​ជាតិ ក៏បាន​បញ្ជូន​ថ្នាំពេទ្យ និង​សម្ភារៈ​ការពារ​មេរោគ​នេះ ទៅដល់​តំបន់​បេសកកម្ម​មុន​អស់ហើយ​ដែរ​។ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព ក៏​បន្ត​ក្រើនរំលឹក​ដល់​កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់ ដែល​កំពុង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។​

លោក សែម សុវណ្ណនី បានគូស​បញ្ជាក់ថា បើទោះបី​កម្ពុជា ជា​ប្រទេស​ក្រីក្រ និង​កំពុង​ប្រឈម​ជាមួយ​កូ​វីដ​១៩ ក៏​រាជរដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​របស់ខ្លួន មិន​បោះបង់ចោល​ភារកិច្ច ក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព នៅតាម​ប្រទេស​នានា ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ ពោលគឺ​កម្ពុជា ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ការទទួលខុសត្រូវ ក្នុងឋាន​:​ជា​សមាជិក​អង្គការសហប្រជាជាតិ​។​

​គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុ​ជាមាន​កម្លាំង​មួក​ខៀវ ចំនួន ៥​កង​ធំៗ សរុប​ជិត ៨០០​នាក់ ក្នុងនោះមាន​កងទ័ព​នារី ជិត ៨០​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕​ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print