ក្រសួងអប់រំថៃ៖ គ្រោងនឹងជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេសជនជាតិដើមចំនួន ១០,០០០ នាក់ ដើម្បីជួយបង្កើនសមត្ថភាពឲ្យកូនសិស្ស

ចែករំលែក៖

អន្តរជាតិ៖ បើតាមក្រសួងអប់រំនៃប្រទេសថៃ បានអះអាងថា ខ្លួនគ្រោងនឹងជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេសដែលជាជនជាតិដើមនិយាយភាសាអង់គ្លេសចំនួន ១០,០០០ នាក់ ដើម្បីមកជួយបង្កើនសមត្ថភាពប្រើប្រាស់ភាសាបរទេសក្នុងចំណោមកូនសិស្សថៃ បន្ទាប់ពីស្ថានភាពនៅក្នុងប្រទេសមានសុវត្ថិភាពពីជំងឺឆ្លងកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post

រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Nataphol Teepsuwan បានបញ្ជាក់ថាគម្រោងខាងលើនេះ ត្រូវបានបង្ហាញជូនថ្នាក់ដឹកនាំនៅក្នុងឱកាសដែលរូបលោក បានទៅចូលរួមកិច្ចប្រជុំមួយនៅឯសមាគមន៍សាលាអន្តរជាតិក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ កន្លងទៅ។ លោករដ្ឋមន្រ្តីរូបនេះបន្ថែមថា បច្ចុប្បន្នថៃមានគ្រូបរទេសបង្រៀនភាសាអង់គ្លេសចំនួន ,០០០ នាក់ហើយ តែចំនួននេះគឺមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះថៃកំពុងតែអនុវត្តកម្មវិធីពង្រឹងភាសាអង់គ្លេសតាមសាលារដ្ឋនៅទូទាំងប្រទេសចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ។

លោក Nataphol Teepsuwan បានបន្តថា ការសិក្សាភាសាបរទេស គឺជារឿងចាំបាច់បំផុតសម្រាប់ក្មេងៗជំនាន់ក្រោយ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនិងសង្គមក្នុងសម័យសាកលភាវូបនីយកម្ម ហើយពេលវេលាដែលល្អនិងងាយរៀនភាសាបំផុតនោះគឺរាប់ចាប់តាំងពីពេលមនុស្សម្នាក់បានកើតរហូតដល់អាយុ ឆ្នាំ។

លើសពីនេះទៅទៀតលោក រដ្ឋមន្ត្រីក្រសួងអប់រំថៃ បានប្រាប់អ្នកសារព័ត៌មានថា រហូតមកទល់នឹងពេលនេះលោកបានធ្វើការងារជាមួយស្ថានទូតនៃប្រទេសដែលមានភាសាដើមអង់គ្លេសនិងកំពុងមានវត្តមាននៅក្នុងប្រទេសថៃជាច្រើនរួចហើយ ដើម្បីឲ្យស្ថានទូតទាំងនោះជួយបញ្ជូនគ្រូអង់គ្លេសមកកាន់ប្រទេសថៃ ហើយប្រទេសមួយគេរំពឹងថានឹងអាចមានគ្រូអង់គ្លេសច្រើននោះគឺប្រទេសកាណាដា ព្រោះកន្លងមកកាណាដាធ្លាប់បញ្ជូនគ្រូអង់គ្លេសជាច្រើននាក់ទៅកាន់ប្រទេសជប៉ុនរួចហើយ។

គួរបញ្ជាក់ថា ក្រៅតែពីអនុវត្តគម្រោងពង្រឹងភាសាអង់គ្លេស ថៃនេះ ក៏មានគម្រោងបង្រៀនភាសាចិនទៅកាន់សិស្សសាលាផងដែរ  ព្រោះបច្ចុប្បន្នភាសាចិនក៏កំពុងមានតម្រូវការខ្ពស់ណាស់ដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print