ខេត្តកំពង់ឆ្នាំង ៖ បុរសរត់កង់បីឥណ្ឌា២នាក់ ត្រូវស្ត្រី២នាក់ ដាក់ថ្នាំសណ្តំក្នុងកែវស្រា យកលុយ និងចិញ្ចៀនមាស អស់ពីខ្លួន ដេកសន្លប់នៅក្នុងហាង បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១៨ ព្រលប់ៗ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងហាងលក់គ្រឿងក្លែម យីហោចំណូលថ្មី មុខផ្សារកំពង់ឆ្នាំងថ្មី ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ចនគរបាលនបានឲ្យដឹងថា ៖ មុនពេលកើតហេតុ បុរស២នាក់ ទី១.ឈ្មោះ នាង សុខ អាយុ៥០ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង , ទី២.ឈ្មោះ ឈឿង ឈាង អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ មានមុខរបររត់កង់បីឥណ្ឌា បានចាញ់បោកសម្រស់ស្រីស្អាត២នាក់ ដោយបបួលគ្នាណាត់ផឹកស៊ីយ៉ាងស្អិតរមួត នៅក្នុងហាងចំណុចខាងលើ ផឹកស្រាបៀជិតកន្លះកេះ តាំងពីម៉ោង១១និង៣០នាទីថ្ងៃត្រង់ រហូតដល់ល្ងាច។ ពួកគាត់ភ្លេចរត់ឌុប និងងប់ងល់ស្នេហ៍នាងៗដោយចៃដន្យ។
ក្នុងពេលផឹកស៊ី ស្ត្រីទាំង២ បានបន្លំដាក់ថ្នាំសណ្តំក្នុងកែវស្រាបៀ ធ្វើឲ្យបុរសទាំង២នាក់សន្លប់ ទើបជនសង្ស័យដោះយកចិញ្ចៀនមាស៥ជី និងលុយ៤០ម៉ឺនរៀល រួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនបាត់។ ករណីនេះ រហូតដល់ម៉ោង១៨ល្ងាច ទើបម្ចាស់ហាងចូលមកដឹង ដោយឃើញបុរសម្នាក់ដេកសន្លប់ហាក់មិនដឹងខ្លួន និងបុរសម្នាក់ទៀតដឹងខ្លួន តែនិយាយមិនកើត បានត្រឹមតែគ្រវីក្បាលដូចស្រាំងទិច ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ប៉ុន្តែស្ត្រីទាំង២នាក់នោះមិនដឹងជាទៅដល់ណាហើយ។
ករណីបែបនេះធ្លាប់កើតមានញឹកញាប់ ខណៈបុរសៗជ្រួលជ្រើម មិនសូវតាមដានព័ត៌មាន និងមិនគិតដល់ពីភាពគ្រោះ ឃើញភ្លាមនាងអោយកន្ទុយភ្នែកភ្លែត ទីបំផុតផុងខ្លួនយ៉ាងដូច្នេះ។
ពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ចនគរបាល ក៏សូមផ្ដាំផ្ញើទៅបងប្អូនអ្នកមានមុខរបររត់ម៉ូតូឌុប រត់កង់បី ក៏ដូចជាអ្នករត់រថយន្តតាក់ស៊ីផងដែរ សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំពាក់គ្រឿងអលង្ការច្រើនពេក។ ព្រោះថា ធ្វើឲ្យទាក់ទាញដល់មុខសញ្ញាមិនល្អ មានចោរ ជនឆបោក គ្រប់រូបភាពទាំងអស់ ដែលនាំឲ្យមានគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិ ឬបាត់បង់ជីវិត ផងដែរ។ ខណៈជនទុច្ចរិតវាមានចេតនាទុកជាមុនប្រើគ្រប់មធ្យោបាយ ធ្វើយ៉ាងអោយយើងងាយជឿ លង់ខ្លួន ៕
ដោយ៖ សិលា