ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ បានប្រកាសថា វ៉ាក់សាំងប្រឆាំង កូវីដ១៩ នឹងមានក្នុងរយៈពេល មិនដល់១ខែទៀត។ ចំណែកក្រុមហ៊ុន ផលិតវ៉ាក់សាំងAstraZeneca ក៏បានតភ្ជាប់ការធ្វើតេស្ដដំណាក់កាលចុងក្រោយ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅរដ្ឋ Pennsylvania លោកត្រាំ បានបញ្ជាក់ថា អាមេរិកជិតមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ លោកបញ្ជាក់ទៅកាន់សារព័ត៌មានFox News ថា ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខ ។
ចំណែកបណ្តាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ថាលោកត្រាំបានដាក់គំនាប់ទៅលើ ក្រុមអ្នកជំនាញវិជ្ជសាស្ត្រ ឲ្យបញ្ចេញវ៉ាក់សាំងប្រឆាំងកូវីដ១៩ មុនពេលកំណត់ គឺឲ្យបានមុនពេលបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា។
ក្រុមអ្នកឯកទេស ស្តីពីជំងឺឆ្លងនៅអាមេរិក ក្នុងនោះមានលោក Anthony Fauci បានលើកឡើងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩អាចនឹងប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រទេសប្រេស៊ីល បានអនុញ្ញាតឲ្យក្រុមហ៊ុន AstraZeneca សាកល្បងដំណាក់កាលទី៣ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត៥ពាន់នាក់ ៕ ដោយ៖ធីរីណា