ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ អញ្ជើញឆ្លងបុណ្យភ្ជុំ ឬភ្ជុំធំ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ (នៅជិតផ្សារឧត្ដុង្គ)។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំដែលគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជូនព្រះពុទ្ធសាសនារបស់ខ្មែរ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេល១៤ថ្ងៃកន្លងទៅនេះ បើទោះបីមិនបានអញ្ជើញទៅកាន់ទីអារាមដោយផ្ទាល់ក្តី តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានរៀបចំចាត់ចែងចង្ហាន់ និងទេយ្យទាន ដើម្បីចូលរួមកាន់បិណ្ឌនៅតាមទីអារាមនានាផងដែរ។
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លៃងថា៖ អនុមោទនាបុណ្យភ្ជុំបិណ្ឌ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង គឺជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម និងកន្លែងផ្សេងៗ សូមអោយការធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេសគឺសូមការពារខ្លួនជាឆ្ងាយពី Covid-19 ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ និងសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។
សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន៕
ដោយ៖ សុខ ខេមរា