ភ្នំពេញ៖ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ២០១គ្រឿងទៀត ក្នុងនោះមានម៉ូតូ ១១៩គ្រឿង និងរថយន្ត ៩១គ្រឿង។
លោកលើកឡើងថា៖ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ លើសចំណុះ ប្រើប្រាស់ទូរស័ព្ទដៃ និងស្រវឹង។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ ប្រើប្រាស់ទូរស័ព្ទជាដើម។
សូមជម្រាបថា៖ បើតាមអ្នកនាំពាក្យអគ្គស្នងការ, រយៈពេល១៤០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៧១៨៤៦គ្រឿង ក្នុងនោះមានម៉ូតូ ១២៧៣៦២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៤៤៨៤គ្រឿង៕
ដោយ៖ សិលា