ភ្នំពេញ៖ នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួប ថ្វាយមហាព្រះរាជកុសល ចំពោះព្រះវិញ្ញាណ្ណក្ខ័ន្ធ សម្តេចនរោត្តម នរិន្រ្ទៈពង្ស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ ដែលបានរៀបចំឡើង យ៉ាងមហោឡារឹកអធឹកអធម នៅវេលាព្រឹកថ្ងៃសុក្រ ០១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព-ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅព្រះចេតិយ៍ តម្កល់ព្រះបរមអដ្ឋិ សម្តេចនរោត្តម នរិន្ទ្រៈពង្ស ក្នុងព្រះឧបោសថរតនារាមព្រះកែវមរកត ព្រះបរមរាជវាំង។
លំដាប់អំពីនេះ បានយាងនិងនិមន្ត សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទេសបណ្ឌិតបួគ្រី, សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមង្គលទេព្វាចារ្យ វង្សអានេតា, សម្តេចព្រះសង្ឃនាយករង, ព្រមទាំងព្រះមន្ត្រីសង្ឃទាំង៥ព្រះ អង្គ ថ្វាយព្រះសត្តប្បករណាភិធម្មបង្សុកូល និងថ្វាយមហាព្រះរាជកុសល ចំពោះព្រះវិញ្ញាណក្ខ័ន្ធ សម្តេចនរោត្តម នរិន្ទ្រៈពង្ស នៅព្រះចេតិ៍យតម្កល់ព្រះអដ្ឋិរបស់ព្រះអង្គ ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកតនេះ ។
សូមឧទ្ទិសថ្វាយនូវមហាព្រះរាជកុសល កើតឡើងពីព្រះរាជសទ្ធា ដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យនាថ្ងៃនេះ ថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធនៃព្រះអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីយ៍ខ្មែរគ្រប់ព្រះអង្គ តាំងពីបឋមវង្សរៀងមក និងព្រះរាជវង្សានុវង្សដែលទ្រង់បាន យាងចូលព្រះទិវង្គត ទៅកាន់បរលោកឯនាយខាងមុខ ជាពិសេសថ្វាយព្រះវិញ្ញាណក័្ខន្ធ សម្តេចនរោត្តមនរិន្រ្ទៈពង្ស ត្រូវ ជាព្រះរាជអនុជផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមបានយាងគង់ប្រថាប់សោយសុខក្នុងព្រះសុគតិភព និងបានប្រកបនូវសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្តជាឋានបរមសុខដ៏ខ្ពង់ខ្ពស់។ អានុភាពនៃមហាព្រះរាជកុសល ដ៏ថ្លៃថ្លានេះ ក៏សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាដ៏មានតេជៈឬទ្ធានុភាព សក្តិសិទ្ធក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និងព្រះឥន្រ្ទ ព្រះព្រហ្មជាដើម សូមជួយបីបាច់ថែរក្សា និងថ្វាយព្រះពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ សូមព្រះអង្គបានប្រកបនូវព្រះបរមសុខគ្រប់ប្រការ ចាកផុតពីព្រះរោគាទាំងឡាយ មានព្រះរាជសុខភាពល្អ បរិបូណ៍ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ ចម្រុងចម្រើនដល់កូនចៅ ចៅទួតរបស់ព្រះអង្គ និងសូមឲ្យ ព្រះរាជាណាចក្រកម្ពុជា បានស្គាល់តែសេចក្តីសុខសន្តិភាព និងមានវិបុលភាពជាដរាបតរៀងទៅ ។
បន្ទាប់ពីបានបំពេញមហាព្រះរាជកុសលប្រកបដោយភាពខ្ពង់ខ្ពស់ នៅព្រះ ចេតិយ៍សម្តេចនរោត្តមនរិន្រ្ទៈពង្ស បានចប់រួចរាល់ ព្រះកុរណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចយាងបន្តបំពេញព្រះរាជកិច្ច តាមប្រពៃណីរបស់ព្រះពុទ្ធសាសនា នៅព្រះមហាចេតិយ៍តម្កល់ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកតនេះផងដែរ។
ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៃ អង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ តាមព្រះ រាជបវេណីដ៏ថ្កើងថ្កាន របស់ព្រះមហាក្សត្រខ្មែរនាឱកាសនោះ គឺជាកតញ្ញូ កតវេទិតាធម៌ ប្រកបដោយ ការគោរពដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណ ដ៏ប្រសើរថ្លៃថ្លា របស់ព្រះករុណា ព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ដែលសម្តេច ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះមហាក្សត្រ ព្រមទាំង ព្រះរាជវង្សានុវង្ស និងប្រជាជាតិកម្ពុជា ទាំងមូល មានសេចក្តី នឹករលឹក សោកស្តាយ រកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនិងសេចក្តីអំណរព្រះរាជគុណជាអនេកប្បការ គ្មានថ្ងៃបំភ្លេចបាន ចំពោះព្រះរាជឧបក្ការៈគុណ ដ៏ធ្ងន់បំផុតតាមរយះស្នាព្រះហស្ថ ដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ របស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុង១ព្រះជន្មព្រះអង្គ បានគិតគូរពីឧត្តមប្រយោជន៏ ជាតិលើសអ្វីៗទាំងអស់ក្នុងនោះ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារ បានមកវិញនូវឯករាជ្យ បូរណភាពទឹកដីបានគង់វង្ស ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងព្រះរាជកិច្ចផ្សះផ្សារ បង្រួបបង្រួមជាតិ ឯកភាពជាតិ និងព្រះរាជកិច្ចស្ថាបនា ព្រះរាជសមិទ្ធផលកសាងសង្គមអោយមាន ការរីកចម្រើនតាំងពីក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងរហូតដល់សម័យកាលបច្ចុប្បន្ន។
នៅព្រឹកក្នុងថ្ងៃដដែរនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយមហាព្រះរាជកុសល ចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសុរាម្រឹត និងសម្តេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរតន៍សិរីវឌ្ឍនា ត្រូវជាព្រះវររាជអយ្យកោ ព្រះវររាជអយ្យកាផ្ទាល់ របស់ព្រះករុណាព្រះមហាក្សត្រ ដែលបានតម្កល់ព្រះបរមអដ្ឋិព្រះអង្គ នៅមហាព្រះចេតិយ៍ ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកតនេះផងដែរ៕
ប្រភព៖ ទទក