សមត្ថកិច្ច ចាប់ខ្លួនជនល្មើសម្នាក់ ដល់ក្នុងផ្ទះ ក្រោយគេចខ្លួនជិត១ឆ្នាំ ហើយឆ្មក់ចូលស្រុកវិញ ថ្ងៃបុណ្យភ្ជុំបិណ្ឌ ផឹកស៊ីធ្វើព្រងើយ

ចែករំលែក៖

កណ្តាល៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានចាប់ខ្លួនជនជាប់ចោទឈ្មោះ ភិន ប៊ុនរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ដល់ក្នុងផ្ទះតែម្តង តាមដីការបស់តុលាការខេត្តកណ្តាល ខណៈបានគេចខ្លួនជិត១ឆ្នាំ តែបានឆ្មក់ចូលស្រុកវិញ ថ្ងៃបុណ្យភ្ជុំបិណ្ឌ ផឹកស៊ីធ្វើព្រងើយ ។

សំណុំរឿងនេះ មានជនជាប់ចោទម្នាក់ទៀត គឺ ឈ្មោះ ភិន ពៅ ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនផងដែរ ។

សមត្ថកិច្ច បញ្ជាក់ថា ជនជាប់ចោទឈ្មោះ ភិន ប៊ុនរ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយោងតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ជួន វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ។

ជនជាប់ចោទឈ្មោះ ភិន ប៊ុនរ៉ា និង ឈ្មោះ ភិន ពៅ ត្រូវបានសាលាដំបូងខេត្តកណ្តាល ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» លើអតីតគ្រូបង្រៀនចំណាស់មួយរូប ប្រព្រឹត្តនៅភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

ក្នុងដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ជួន វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល គឺ បញ្ជាអោយប្រធានពន្ធនាគារខេត្តកណ្តាល ឬ មណ្ឌលឃុំខ្លួនខេត្តកណ្តាល អោយទទួលឃុំជននេះ តាមច្បាប់ ។

ពេលនេះ សមត្ថកិច្ចកំពុងរៀបចំបញ្ជូនជនជាប់ចោទ ភិន ប៊ុនរ៉ា ទៅឃុំខ្លួនក្នុងពន្ធនាគារតាមផ្លូវច្បាប់ ដើម្បីអនុវត្តពន្ធនាគាររយៈពេល២ឆ្នាំ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print