ខេត្តបាត់ដំបង៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ ករណីវិវាទដីធ្លី២០ឆ្នាំមួយទៀតនៅបាត់ដំបងត្រូវនបានបញ្ចប់ក្នុងថ្ងៃបុណ្យភ្ជុំ។
លោកបន្តថា៖ បើខ្ញុំអាចជួយនរណាបាន គឺខ្ញុំត្រូវធ្វើភ្លាមដោយមិនគិតថាថ្ងៃបុណ្យឬថ្ងៃសម្រាកអ្វីទេ អោយតែអាចឆ្លៀតបាន។ ព្រោះទុក្ខកង្វល់ពលរដ្ឋគឺមានទំហំធំធេងជាងថ្ងៃសម្រាករបស់ខ្ញុំ។
លោកបញ្ជាក់ថា៖ កាលពីម្សិល មីង សែ នី អាយុ ៦៣ឆ្នាំ បានស្កាត់មកជួបខ្ញុំក្នុងពេលដែលចូលញាំអាហារសាមគ្គីនៅកងពលតូចថ្មើជើងលេខ ៥៣ ស្ថិតភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។ មីង នី មានរឿងជំពាក់ប្រាក់ មីង ជឺ ផិចជូ ប្រមាណជាង សាមសិបម៉ឺនបាត តាំងពីឆ្នាំ១៩៩៩។ ខ្ចីចុះខ្ចីឡើងបង់ការប្រាក់ចុះឡើងៗអស់ទាំងលុយ អស់ទាំងទ្រព្យ អស់ទាំងស្រែ អស់ទាំងដីផ្ទះរស់នៅថែមទៀត ហើយនៅតែដោះស្រាយគ្នាអត់ចប់រហូតអស់រយៈពេល២១ឆ្នាំកន្លងមកនេះ។
លោកបន្តថា៖ មីង នីធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍ទៅ គណបក្សធម្មាធិប្បតេយ្យ អោយជួយដែរ តែជួយដោះស្រាយអត់ចេញ ទើបចុងក្រោយនៅថ្ងៃភ្ជុំបិណ្ឌម្សិលមិញនេះ គាត់បានស្កាត់សុំជួបខ្ញុំសុំជំនួយពីសម្តេចតេជោ។ ដោយមិនចង់អោយសម្តេចលោកឈឺក្បាលគ្រាន់តែរឿងតូចមួយនេះ ខ្ញុំក៏សុំអញ្ជើញភាគីវិវាទទាំង២មកជួបខ្ញុំនៅសណ្ឋាគារស្ទឹងសង្កែរខេត្តបាត់ដំបង។
ក្រោយពីបានស្តាប់សាច់រឿង និងពិនិត្យឯកសារពាក់ព័ន្ធទាំងអស់រួចមក ខ្ញុំក៏បានសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការដោយផ្អែកលើគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោ ដោយប្រើពេលជិត៣ម៉ោង។ មីង សែ នី បានយល់ព្រមទទួលប្រាក់ ចំនួន$10,000 (មួយម៉ឺនដុល្លា) ពី មីង ជឺ ផិចជូ ហើយភាគីទាំងពីរបានយល់ព្រមដកពាក្យបណ្តឹងទាំងអស់ចេញដើម្បីបញ្ចប់វិវាទនេះទាំងស្រុង ។
លោក ដួង តារា បន្តថា៖ ខ្ញុំសូមចូលរួមរីករាយជាមួយភាគីទាំង២ ដែលបានជ្រើសរើសដំណោះស្រាយឈ្នះ-ឈ្នះ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែសណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសផ្តល់នូវភាពយុត្តិធម៍ជូនដល់ពលរដ្ឋគ្រប់ៗគ្នា។
ខ្ញុំបាទសូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យកាន់តែរុងរឿងទៅមុខ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សុខ ខេមរា