តើអ្នកចង់ដឹងអត់ថា៖ លោក គីម ជុងអ៊ុន មានតួនាទី និងតំណែងអ្វីខ្លះនៅកូរ៉េខាងជើង

ចែករំលែក៖

អន្តរជាតិ៖ បច្ចុប្បន្ននេះលោក គីម ជុងអ៊ុន ត្រូវបានស្គាល់ជាទូទៅថាអ្នកដឹកនាំកូរ៉េខាងជើង ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាពុំបានដឹងច្បាស់ពីតួនាទី និងតំណែងរបស់លោក គីម នៅឡើយ។ បន្ទាប់ពីមេដឹកនាំកំពូលរបស់កូរ៉េខាងជើងរូបនេះ បានស្នងតំណែង និងអំណាចពីឪពុក គឺលោក គីម ជុងអ៊ីលដែលទទួលមរណភាពកាលពីឆ្នាំ២០១១។

លោកគីម ជុងអ៊ុន គឺជាកូនទី៣ និងជាកូនពៅរបស់លោក គីម ជុងអ៊ីល និងពុំសូវជាមានអ្នកស្គាល់ប៉ុន្មានឡើយ។ ដោយលោកកើតនៅក្នុងឆ្នាំ១៩៨៤ ហើយលោកបានចំណាយពេលវេលារៀនសូត្រ នៅប្រទេសស្វ៊ីសនៅពេលជាកុមារ។ ក្រោយមកទៀតលោកបានចូលរៀននៅសាកលវិទ្យាល័យសង្គ្រាមគីម ជុងអ៊ីល ពីឆ្នាំ២០០២ ដល់២០០៧។ លុះនៅឆ្នាំ២០០៩ មានពាក្យចចាមអារ៉ាម ចាប់លេចលឺជុំវិញការស្នងតំណែងពីឪពុក បន្ទាប់ពីថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើង លោកគីម ជុងអ៊ីលបានស្នើឈ្មោះលោកចូលបេក្ខជននៃបក្សពលករកូរ៉េខាងជើង។ ក្នុងឆ្នាំដដែលនោះ លោកត្រូវបានផ្តល់តំណែងក្នុងគណៈកម្មការការពារជាតិ ដែលជាស្ថាប័នខ្ពស់បំផុតយោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងជើង។

លោក គីម ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសន្តិសុខជាតិ ក្នុងខែមិថុនា ឆ្នាំ២០០៩ ក្រោយមកនៅឆ្នាំ២០១០ លោកត្រូវបានតែងតាំងជាឧត្តមសេនីយ៍ផ្កាយ៤ បើទោះបីជាគ្មានបទពិសោធក្នុងសមរភូមិក៏ដោយ។ ក្រោយមកលោក គីម ជុងអ៊ីល ដែលត្រូវជាឪពុកបានទទួលមរណភាពនៅខែធ្នូ ឆ្នាំ២០១១ លោកត្រូវគីម ជុងអ៊ុន ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងជើង។

រហូតដល់ខែមេសាឆ្នាំ២០១២ លោកត្រូវបានតែងតាំងជាលេខាទី១នៃបក្សពលករកូរ៉េខាងជើង ប្រធានគណកម្មការយោធាមជ្ឈិមកូរ៉េខាងជើង និងជាប្រធានគណៈកម្មការការពារជាតិ។ លោក គីម ជុងអ៊ីល ដែលស្លាប់ហើយនោះ ត្រូវបានតែងតាំងជាអគ្គលេខាធិការអមតនៃបក្សពលករកូរ៉េខាងជើង។ លោក គីម អ៊ីលស៊ុង វិញ ត្រូវបានតែងតាំងជាប្រធានាធិបតីអមតផងដែរ។

នៅឆ្នាំ២០១៣ មួយឆ្នាំក្រោយកាន់អំណាច លោកបានដាក់ចេញនូវគោលនយោបាយជាតិ(byungjin) ដែលការអភិវឌ្ឍសេដ្ឋកិច្ចជាតិត្រូវដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍសមត្ថភាពយោធា។ ហើយនៅខែមិថុនា ឆ្នាំ២០១៦ សភាកូរ៉េខាងជើងបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញដោយពង្រីកបន្ថែម និងពង្រឹងអំណាចលោកគីម ជុងអ៊ុន។

ក្រោយមករដ្ឋធម្មនុញ្ញថ្មីនេះ បានបង្កើតស្ថាប័នថ្មី ដែលមានឈ្មោះថា គណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នដែលមានអំណាចខ្ពស់បំផុតនិងលុបចោលគណៈកម្មការការពារជាតិ។ តំណែងនេះ ផ្តល់អំណាចឲ្យលោកក្លាយជាមេបញ្ជាការកំពូលនៃកងទ័ពប្រជាជនកូរ៉េផងដែរ។

ក្នុងឆ្នាំ២០១៩ លោកត្រូវបានសភាកូរ៉េខាងជើងផ្តល់តំណែងជា តំណាងកំពូលរបស់ប្រជាជនកូរ៉េទាំងអស់ និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋ។ ចំណែកឯក្នុងសន្និបាតទី៧ នៃបក្សពលករកូរ៉េខាងជើង បក្សបានបង្កើតតំណែងថ្មីនិងខ្ពស់បំផុតឲ្យលោក គីមជុងអ៊ុន ជាប្រធានបក្សពលករកូរ៉េខាងជើង។

គួរបញ្ជាក់ថា ក្នុងការប្រើប្រាស់លិខិតផ្លូវការជាមួយកូរ៉េខាងជើង ប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រទេសដទៃបានសំដៅដល់លោក គីម ជុងអ៊ុនដោយហៅលោកថា ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print