អន្តរជាតិ៖ បើតាមការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានព្រមានថា៖ ការជួបប្រជុំរបស់ក្រុមបាតុករថៃ ប្រឆាំងរដ្ឋាភិបាល ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ស្អែកនេះ អាចបង្កឲ្យមានការផ្ទុះរលកឆ្លងCOVID-19 ជាលើកទី២ នៅក្នុងប្រទេស។ ខណៈដែលការផ្ទុះនេះ នឹងបង្កឲ្យមានការបិទក្រុង និងពន្យារពេលនៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
លោកប្រាយុទ្ធ ចាន់អូចា ថ្លែងក្នុងកញ្ចក់ទូរទស្សន៍TV Pool ដោយបានព្រមានពីហានិភ័យនៃការផ្ទុះរលកឆ្លងCOVID-19 លើកទី២ នៅក្នុងប្រទេសខ្លួន ដែលបណ្តាលមកពីការជួបប្រជុំរបស់ក្រុមបាតុករថៃ ប្រឆាំងនឹងរដ្ឋាភិបាល។ លោក ប្រាយុទ្ធ បន្ថែមថា «នៅពេលអ្នកជួបជុំជាក្រុម អ្នកកំពុងបង្កឲ្យមានគ្រោះថ្នាក់កាន់តែធំ ដែលបណ្តាលមកពីជំងឺឆ្លង»។ ហើយគ្រោះថ្នាក់ទាំងនេះ នឹងបង្កឲ្យមានផលប៉ះពាល់បន្ថែមទៀត ដោយប្រជាជនប្រមាណ ១០លាននាក់ បូករួមទាំងការបិទក្រុង បិទមុខជំនួញ និងធ្វើឲ្យសេដ្ឋកិច្ចថៃកាន់តែអាក្រក់ថែមទៀត។
សូមជម្រាបថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីបែបនេះ គឺមានន័យថា គាត់ចង់ប្រាប់ទៅដល់ក្រុមបាតុករ ដែលគ្រោងធ្វើបាតុកម្មនាថ្ងៃទី១៩ ខែកញ្ញា នៅសកលវិទ្យាល័យThammasat ក្នុងទីក្រុងបាងកក។ ជាមួយគ្នាដែរលោកប្រាយុទ្ធ ទទួលស្គាល់ថា ក្រុមបាតុករ គឺប្រឆាំងនឹងនយោបាយនៅក្នុងប្រទេស និងចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកក៏បានប្រាប់ក្រុមបាតុករថៃដែរថា ពេលនេះ មិនមែនជាពេលត្រូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ឬរាជានិយមអ្វីទេ។ គោលដៅចម្បង គឺប្រយុទ្ធប្រឆាំងCOVID-19 ចំណែកការតវ៉ាប្រឆាំងរដ្ឋាភិបាល ចាំធ្វើពេលក្រោយ។
ដោយឡែកបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បាននិយាយថា លោកនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ ក្នុងគោលបំណងឲ្យបាតុករថៃ បញ្ឈប់ការធ្វើបាតុកម្ម។ ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានលើកឡើងបែបនេះ គឺសំអាងលើការរាតត្បាតឡើងវិញនៅតាមបណ្តាប្រទេសមួយចំនួនដូចជា៖ បារាំង ឥណ្ឌា អេស្ប៉ាញ និងប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា ក្រុមបាតុករថៃ ដែលភាគច្រើនគឺជានិស្សិត បានទាមទារកំណែទម្រង់របបរាជានិយម រួមមានការកាត់បន្ថយអំណាចព្រះមហាក្សត្រតាមរយៈរដ្ឋធម្មនុញ លើការគ្រប់គ្រងទ្រព្យសម្បត្តិ និងអង្គភាពកងទ័ពជាដើម។ បន្ថែមពីនេះ ក្រុមបាតុករ ក៏បានទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចុះចេញពីតំណែង ទាមទារការបោះឆ្នោត និងបង្កើតរដ្ឋធម្មនុញ្ញថ្មីផងដែរ៕ដោយ៖ស តារា