អាជ្ញាធរ​ចិន​ក្នុង​ខេត្ត​ជី​លីន រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅលើ​កញ្ចប់​មឹក​នាំចូល​ពី​រុស្ស៊ី​

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរ​ចិន​ បាន​រាយការណ៍​ថា បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅលើ​កញ្ចប់​មឹក​ក្លាសេស្ថិតនៅក្នុង​ខេត្ត​ជី​លីន ប្រទេសចិន ដែល​នាំចូល​ពី​ប្រទេសរុស្ស៉ី ​។ ភ្លាមៗនោះដែរ អាជ្ញាធរ​សុខាភិបាលនៅ​តំបន់នោះ ក៏បានស្នើ​ឲ្យប្រជាជនដែល​បាន​ទិញ​មឹកទាំងនោះយកបរិភោគ​ ត្រូវទៅ​ធ្វើតេស្តដើម្បីស្វែងរ​កកូ​រ៉ូ​ណាវី​រុស​។​

អាជ្ញាធរ​សុខាភិបាល​ក្រុង​ហ្វូ​យូ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាម​បណ្តាញ​សង្គម WeChat​ ថា៖ អាជ្ញាធរ​សុខាភិបាល​ក្រុង ហ្វូ​យូ ខេត្ត​ជី​លីន បានប្រកាសថា រហូតដល់​ថ្ងៃទី​២០ ខែកញ្ញា ខ្លួន​បាន​រកឃើញ​កូ​រ៉ូ​ណា​វីរុស​នៅលើ​កញ្ចប់​មឹក​ក្លាសេ​នាំចូល​ពី​បរទេស​ជាថ្មី​ម្តងទៀត​។ជាក់ស្តែងកញ្ចប់​មឹក​នោះ ត្រូវបាន​នាំមក​ពី​ទីក្រុង​ឆាង​ឈុន ដែលជា​ទីក្រុង​ធំ​របស់​ខេត្ត​។

បើតាម​អាជ្ញាធរ​ចិន បានអះអាងថា កញ្ចប់​មឹក​នោះ នាំចូល​មកពី​រុស្ស៊ី ដោយ​ក្រុមហ៊ុន​មួយ នៅក្នុង​ក្រុង​ហ៊ុន​ឈុន និង​ត្រូវបាន​ដឹកជញ្ជូន​ទៅ​ក្រុង​ឆាង​ឈុន​។ ពាក់ព័ន្ធ​នឹង​ការរកឃើញ​នេះ ចិន បានស្នើ​ឲ្យ​ប្រជាជន​របស់ខ្លួន ដែល​បាន​ទិញ និង​បរិភោគ​មឹក​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣១ខែសីហា ពី​ហាង​លក់​គ្រឿង​សមុទ្រ Sanjia Deda នៅក្នុង​ក្រុង​ហ្វូ​យូ ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ ដើម្បី​តាមដាន និង​ធ្វើតេស្ត​រក​ជំងឺCOVID-19 ។

ដោយឡែកសម្រាប់​ចិន ប្រសិនបើ​រកឃើញ​កូ​រ៉ូ​ណាវី​រុស នៅលើ​កញ្ចប់​ផលិតផល​នាំចូល​ពី​បរទេស ខ្លួន​នឹង​ផ្អាក​ការនាំ​ចូល​ចំនួន ១​សប្តាហ៍ហើយ​ប្រសិនបើ​រកឃើញថា​អ្នកផ្គត់ផ្គង់​ផលិតផល​ទាំងនោះ​មាន​ផ្ទុក​COVID-19 ចិន នឹង​ផ្អាក​ការ​នាំចូល​ផលិតផល​ទាំងនោះ ចំនួន​១​ខែ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ពន្ធគយ​ចិន នៅ​ថ្ងៃទី​១៨ ខែកញ្ញា​កន្លងទៅ​។

សូមជម្រាបថា កន្លងមក អាជ្ញាធរចិន បាន​រកឃើញ​កូ​រ៉ូ​ណា​វីរុស​មាន​ជាប់​នៅលើ​កញ្ចប់​គ្រឿង​សមុទ្រ​ក្លាសេ ដែល​បាន​នាំចូល​ពី​បរទេសនៅក្នុង​ទីក្រុង​ចំនួន​ពីរ​។ ក្រោយមក ការរកឃើញ​កញ្ចប់​ក្លាសេ ដែលមាន​ជាប់​កូ​រ៉ូ​ណាវី​រុស បាន​ស្ងៀមស្ងាត់​មួយរយៈ​។ ព្រោះកាលពី​សប្ដាហ៍​មុន រដ្ឋបាល​ពន្ធគយ​ចិន បានប្រកាស​ផ្អាក​នាំចូល​គ្រឿង​សមុទ្រ​ពី​ក្រុមហ៊ុន PT Putri Indah​ដែលជា​ក្រុមហ៊ុននាំចេញ​គ្រឿង​សមុទ្រ​មួយ​របស់​ឥណ្ឌូណេស៊ី រយៈពេល ១​សប្តាហ៍ បន្ទាប់ពី​រកឃើញថា កញ្ចប់​ដាក់​ត្រី​សមុទ្រ​មួយ​ប្រភេទ មាន​កូ​រ៉ូ​ណាវី​រុស​។ ជាការ​ទទួលខុសត្រូវក្រសួង​នេសាទ​ឥណ្ឌូណេស៊ី ក៏បាន​ប្រកាស​ផ្អាក​ការនាំចេញ​ផលិតផល​គ្រឿង​សមុទ្រ​របស់​ក្រុមហ៊ុន​នេះ ទៅ​ចិន​ផងដែរ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​មាន​កូ​រ៉ូ​ណា​វីរុស​នេះ​។​

​គួរបញ្ជាក់ថា បើគិត​មក​ត្រឹម​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រទេសចិន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៨៥២៩១​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨០៤៨៤​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print