អន្តរជាតិ៖ ក្រោយលោក ស៊ូហ្កា យូស៊ីហ៊ីដេ បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីជប៉ុនថ្មីៗ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកបានជជែកពិភាក្សាគ្នាលើកដំបូងតាមរយៈទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ ក្នុងកិច្ចសន្ទនានេះដែរ ប្រមុខដឹកនាំបមរទេសទាំងពីរ បានប្តេជ្ញាពង្រឹងសម្ព័ន្ធភាពសន្តិសុខរវាងប្រទេសទាំងពីរកាន់តែខ្លាំងថែមទៀត ហើយបន្តរួមដៃគ្នាដោះស្រាយវិបត្តិជំងឺរាតត្បាតសកល COVID-19 ដែលកំពុងយាយីពិភពលោកទាំងមូល ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ដែលបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រីជប៉ុន វ័យ៧១ឆ្នាំរូបនេះ និយាយថា៖លោក ត្រាំ បានស្វាគមន៍ឲ្យលោកទាក់ទងទៅ២៤ម៉ោង បើមានរឿងអ្វីកើតឡើង។ ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល២៥នាទីនេះប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាជុំវិញស្ថានការណ៍នៅកូរ៉េខាងជើង ក៏ដូចជា វិធានការឆ្លើយតបនឹងជំងឺរាតត្បាតសកល COVID-19 ហើយថែមទាំងផ្លាស់ប្តូរទស្សនៈគ្នាជុំវិញប្រទេសចិនផងដែរ។
បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានអាមេរិក លោក ស៊ូហ្កា និងលោក ត្រាំ ក៏បានលើកឡើងពីសារសំខាន់នៃការប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរួម «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ» ក៏ដូចជាយល់ព្រមសហការគ្នាពង្រឹងសេដ្ឋកិច្ចសកលផងដែរ។
សូមជម្រាបថា លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ត្រូវបានបោះឆ្នោតដោយសភាជប៉ុនឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស៊ិនហ្សូ អាបេ កាលពីសប្ដាហ៍មុន។ កាន់តំណែងនេះអស់ជិត ៨ ឆ្នាំ លោក អាបេ បានប្រឹងប្រែងរឹតចំណងមិត្តភាពស្និតស្នាលជាមួយលោកដូណាល់ ត្រាំ ដោយលេងវាយកូនហ្គោលជាមួយគ្នា និងជជែកពិភាក្សាគ្នាតាមទូរស័ព្ទញឹកញាប់ជាដើម។
ជាអតីតមនុស្សជំនិតរបស់លោក អាបេ លោក ស៊ូហ្កា នឹងបន្តពង្រឹងទំនាក់ទំនងជប៉ុន-អាមេរិកថែមទៀត។ លោក ស៊ូហ្កា បានប្រាប់ប្រធានាធិបតី ត្រាំ តាមទូរសព្ទថា៖«សម្ព័ន្ធមិត្តជប៉ុន-អាមេរិក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃស្ថិរភាពនិងសន្តិភាពក្នុងតំបន់»។ ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចសន្ទនានេះ លោក ស៊ូហ្កា បញ្ជាក់ទៀតថា ប្រទេសទាំងពីរ ប្តេជ្ញាបន្តពង្រឹងចំណងទាក់ទងនេះឲ្យកាន់តែជិតស្និទ្ធថែមទៀត។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះលោក ត្រាំ មិនមែនជាមេដឹកនាំទីមួយទេ ដែលបានជជែកពិភាក្សាជាមួយលោក ស៊ូហ្កា ចាប់តាំងពីឡើងកាន់តំណែងមក។ នៅមុនជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រី ស៊ូហ្កា បានជជែកពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីដូចជា៖ ប្រទេសអូស្ត្រាលី ,ស្កុត និងម៉ូរីសុន ។ ក្រោយជំនួបជាមួយមេដឹកនាំទាំងពីរ លោក ស៊ូហ្កា បានគូសបញ្ជាក់ថា លោកចង់ជជែកគ្នាតាមទូរសព្ទជាមួយបណ្ដាមេដឹកនាំពិភពលោកផ្សេងទៀត ។ យ៉ាងណាមិញលោក ស៊ូហ្គា ពុំបានរៀបរាប់ឈ្មោះពួកគេឡើយ៕ដោយ៖ស តារា