ប្រធានាធិបតី​ហ្វីលីពីន នៅចំពោះមុខ​មហាសន្និបាតUN លើកទីមួយ លើកឡើង​ពី​បញ្ហាសាលក្រម​សមុទ្រ​ចិន​ខាងត្បូង​

ចែករំលែក៖

អន្តរជាតិ៖ ​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) លើក​ទី​៧៥ ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បានលើកឡើង​ជា​ប្រវត្តិសាស្ត្រ ពី​សាលក្រម​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ (PCA) លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឆ្នាំ​២០១៦ ។នេះ​ជា​សុន្ទរកថា​លើកដំបូង​របស់លោក ឌូ​ទើ​តេ បានធ្វើឡើងនៅ​ថ្ងៃទី​២៣ ខែកញ្ញានេះ (​ក្នុងម៉ោង​ប្រទេសហ្វីលីពីន​)  នា​កិច្ចប្រជុំ​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ។

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ តាមរយៈ​វីដេអូ​ថត​ទុក​មុន​ដែល​បាន​ចាក់​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ខាងលើនេះ បានលើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ជម្លោះ​ជាមួយ​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​។ ទន្ទឹមនឹងនោះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ បានលើកឡើង​ជា​លើកដំបូង​ពី​សាលក្រម​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ​។​

​លោក ឌូ​ទើ​តេ​ បានបញ្ជាក់​ទៀតថា ហ្វីលីពីន នៅតែ​បន្ត​ការប្តេជ្ញា​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែក​ទៅតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ និងសេចក្តីសម្រេច​រប​ស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ​។ ​បន្ថែមពីនេះ លោកថា​៖ « ពេលនេះ​សាលក្រម គឺជា​ផ្នែក​នៃ​ច្បាប់​អន្តរជាតិ មានតម្លៃ​លើសពី​ការសម្របសម្រួល​, ការព្រមព្រៀង​របស់រ​ដ្ឋា​ភិ​បាល ដែល​អាច​បន្ថយ​តម្លៃ ឬ​បោះបង់ចោល​»​។

​ក្នុងន័យនេះ លោក​ប្រធានាធិបតី​ហ្វីលីពីន អះអាងថា លោក​ជំទាស់​ជាដាច់ខាត​រាល់​ការប៉ុនប៉ង​បំផ្លាញ​សេចក្តីសម្រេច​PCA​។ ជាមួយគ្នានេះហ្វីលីពីន​បានស្នើ​ឲ្យ​ប្រទេស​ជាច្រើន​ទៀត គាំទ្រ​សាលក្រម​មួយ​នេះ និង​បង្ហាញ​ជំហរ​របស់ខ្លួន​ផងដែរ​។ បើតាម​លោក​ឌូ​ទើ​តេ ការគាំទ្រ​សេចក្តីសម្រេច​របស់​PCA គឺ​ប្រៀប​ទៅនឹង​ជ័យជម្នះ​នៃ​ហេតុផល លើ​ភាព​ឆេវឆាវ​, ច្បាប់ លើ​ភាព​គ្មាន​សណ្តាប់ធ្នាប់ និង​មិត្តភាព លើ​ការចង់បាន​លើសលុប​។

​សូមជម្រាបផងដែរថា រដ្ឋាភិបាល​ហ្វីលីពីន​ បានសម្រេច​ប្តឹង​ចិន​លើ​រឿង​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង ទៅ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ដែល​ស្ថិតនៅក្នុង​អាណត្តិ​ដឹកនាំ​របស់ អតីត​ប្រធានាធិបតី​លោក Benigno Aquino III ដោយ​ផ្អែក​ទៅតាម​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ ជាក់ស្តែងនៅក្នុង​ឆ្នាំ​២០១៦ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេបាន​កាត់សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ពោលគឺ​បន្ទាប់ពី​លោក​ឌូ​ទើ​តេ ឡើងកាន់​តែ​ជា​ប្រធានាធិបតី បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ជាការ​ឆ្លើយតប​ចិន បាន​បដិសេធ​មិន​ទទួលស្គាល់ និង​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​នោះទេ​។

​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សាលក្រម​នេះ មិនត្រូវ​បាន​លោក ឌូ​ទើ​តេ អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទេ នៅក្នុង​អាណត្តិ​របស់លោកដោយសារ​ជំហរ​របស់លោក​ខិត​ទៅរក​ចិន​។

គួរបញ្ជាក់ថា ចាប់តាំងពី​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ឡើងកាន់តំណែង​មក បានធ្វើ​ទស្សនកិច្ច​ទៅ​ចិន​រហូតដល់ ៥​ដង និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ភាគី​ទាំងពីរ​បានប្រកាស​បង្កើត​ក្រុមការងារ​រួមគ្នា​លើ​ការរុករក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ នៅក្នុង​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​ឆ្នាំ​២០១៩​ផងដែរ​។ កិច្ចព្រមព្រៀង​លើ​ក្រុមការងារ​សមុទ្រ​ចិន​ខាងត្បូង​នេះ ត្រូវបាន​ភាគី​ចិន និង​ហ្វីលីពីន​យល់ព្រម​តាំងពី​ឆ្នាំ​២០១៨​មក​ម្លេះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print