សពរងគ្រោះមានឈ្មោះ ជួន យ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ ។
បេីតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារកាសែតនគរវត្ត ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងក្រោកពីព្រឹកទៅធ្វេីការ ហេីយពេលក្បាលល្ងាចក៏ត្រឡប់មកផ្ទះវិញគាត់តែងតែពិសាគ្រឿងស្រវឹងបន្តិចបន្តួចផងដែរមុនចូលសម្រាក ។
បុរសខាងលេីក៏បានប្រាប់បន្ថែមថា លុះមកដល់ព្រលប់ថ្ងៃកេីតហេតុ គាត់មានការងឿងឆ្ងល់ខ្លាំងពេក ព្រោះខានឃេីញមួយយប់ទៅហេីយ ក៏សម្រេចចិត្តដេីរទៅមេីលក្នុងបន្ទប់ជនរងគ្រោះ ក៏ប្រទះឃេីញជនរងគ្រោះដេកស្លាប់ផ្កាប់មុខ និងបន្ទប់ក៏មានចាក់គន្លឹះពីក្នុង ទេីបដេីរត្រឡប់មកវិញប្រាប់បងប្អូនអ្នកជិតខាងឲ្យដឹង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងសាច់ញាតិឲ្យដឹងផងដែរ ។
ក្រោយពីទទួលដំណឹងនេះមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញកោសល្យវិច័យរាជធានីភ្នំពេញឲ្យមកត្រួតពិនិត្យសពយ៉ាងយកចិត្តទុកដាក់ ទេីបចុងក្រោយសមត្ថកិច្ចជំនាញក្រុងបានបញ្ជាក់ថា ឈ្មោះ ជួន យ៉េង (សព) គឺស្លាប់ដោយសារគាំងបេះដូង (មានជំងឺបេះដូង) ក្នុងអំឡុងយប់ថ្ងៃទី២២ កញ្ញា ២០២០មកម៉្លេះ ដោយមិនពាក់ព័ន្ធករណីឃាតកម្មឡើយ។
សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ធំ ៕ ដោយ៖ ភារ៉ា ដង្កោ