អន្តរជាតិ៖ ក្រុមប៉ូលីសហុងកុង កាលពីថ្ងៃទី២៤ ខែកញ្ញាម្សិលមិញនេះ បានឃាត់ខ្លួនលោក Joshua Wong ដែលជាសកម្មជនវ័យក្មេងប្រឆាំងរដ្ឋាភិបាលហុងកុង ពីបទធ្វើបាតុកម្មខុសច្បាប់នៅក្នុងឆ្នាំ២០១៩។ ក្រៅពីសកម្មជនរូបនេះ ហើយប៉ូលីសហុងកុងក៏បានចាប់ខ្លួនសកម្មជនជើងចាស់ម្នាក់ទៀតផងដែរ។
បើយោងតាមរយៈបណ្តាញសង្គមTwitter របស់ខ្លួន សកម្មជនប្រឆាំងរដ្ឋាភិបាលហុងកុងលោក Joshua Wong បានបញ្ជាក់យ៉ាងដូច្នេះថា៖«Joshua ត្រូវបានចាប់ខ្លួន ទៅស្ថានីយប៉ូលីសប្រមាណម៉ោង ១រសៀល» ត្រូវចោទពីបទចូលរួមក្នុងការជួបប្រជុំខុសច្បាប់ និងបំពានច្បាប់ហាមពាក់ម៉ាស់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។
ដោយឡែកសកម្មជនសង្គមជើងចាស់វ័យ ៧៤ឆ្នាំម្នាក់ ក៏ត្រូវបានប៉ូលីសហុងកុងចាប់ខ្លួនផងដែរ ពីបទទាក់ទិននឹងការចូលរួមក្នុងការជួបប្រជុំខុសច្បាប់ក្នុងខែតុលា ឆ្នាំ២០១៩។
សូមជម្រាបថា ច្បាប់ហាមពាក់ម៉ាស់នេះ ត្រូវបានហុងកុងអនុម័តនៅក្នុងខែតុលា ឆ្នាំ២០១៩ ដើម្បីហាមឃាត់ក្រុមបាតុករ មិនឲ្យពាក់ម៉ាស់ក្នុងអំឡុងពេលធ្វើបាតុកម្ម។ ប៉ុន្តែនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការជាន់ខ្ពស់ហុងកុង បានប្រកាសថា៖ ច្បាប់ហាមឃាត់ការពាក់ម៉ាស់ គឺមិនស្របតាមច្បាប់មូលដ្ឋានរបស់ហុងកុង។ ខណៈការប្រកាសនេះ បានធ្វើឲ្យប៉ូលីសហុងកុងផ្អាកការអនុវត្តច្បាប់ជាច្រើនខែ។
បើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post បាននិយាយថា រហូតដល់ខែមេសា ឆ្នាំ២០២០ តុលាការឧទ្ធរណ៍ហុងកុង បានសម្រេចថា រដ្ឋាភិបាលហុងកុងអាចហាមឃាត់ការពាក់ម៉ាស់បានក្នុងការជួបជុំដែលខុសច្បាប់ ប៉ុន្តែច្បាប់ហាមការពាក់ម៉ាស់នេះមិនអាចយកមកប្រើប្រាស់បានឡើយ ក្នុងការជួបជុំស្របច្បាប់។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង ចូលជាធរមាន អាជ្ញាធរហុងកុង ក៏បានអនុវត្តច្បាបនេះ ហើយចាប់ខ្លួនមនុស្សជាច្រើននាក់ ទាក់ទិននឹងការធ្វើបាតុកម្មនៅក្នុងឆ្នាំ២០១៩។ ប៉ុន្តែក្រោយមក អ្នកទាំងនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ៕ដោយ៖ស តារា