ប៉ូលីស​ហុងកុង​ ឃាត់ខ្លួនសកម្មជន​វ័យក្មេងម្នាក់ ពាក់ព័ន្ធ​បាតុកម្ម​ឆ្នាំ​២០១៩

ចែករំលែក៖

អន្តរជាតិ៖ ក្រុមប៉ូលីសហុងកុង កាលពីថ្ងៃទី២៤ ខែកញ្ញាម្សិលមិញនេះ បានឃាត់ខ្លួនលោក Joshua Wong ដែលជាសកម្មជនវ័យក្មេង​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង ពីបទ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅក្នុង​ឆ្នាំ​២០១៩​។ ក្រៅពី​សកម្មជន​រូបនេះ ហើយប៉ូលីស​ហុងកុង​ក៏បាន​ចាប់ខ្លួន​សកម្មជន​ជើងចាស់​ម្នាក់ទៀត​ផងដែ​រ​។

បើយោងតាមរយៈ​បណ្តាញ​សង្គម​Twitter របស់ខ្លួន សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ហុងកុងលោក Joshua Wong បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«Joshua ត្រូវបាន​ចាប់ខ្លួន ទៅ​ស្ថានីយ​ប៉ូលីស​ប្រមាណ​ម៉ោង ១​រសៀល​»​ ត្រូវ​ចោទ​ពីបទ​ចូលរួម​ក្នុងការ​ជួបប្រជុំ​ខុសច្បាប់ និង​បំពាន​ច្បាប់​ហាម​ពាក់​ម៉ាស់ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩​។

​ដោយឡែកសកម្មជន​សង្គម​ជើងចាស់​វ័យ ៧៤​ឆ្នាំម្នាក់ ក៏ត្រូវ​បាន​ប៉ូលីស​ហុងកុង​ចាប់ខ្លួន​ផងដែរ ពីបទ​ទាក់ទិន​នឹង​ការចូលរួម​ក្នុងការ​ជួបប្រជុំ​ខុសច្បាប់​ក្នុង​ខែតុលា ឆ្នាំ​២០១៩​។​

សូមជម្រាបថា ច្បាប់​ហាម​ពាក់​ម៉ា​ស់​នេះ ត្រូវបាន​ហុងកុង​អនុម័ត​នៅក្នុង​ខែតុលា ឆ្នាំ​២០១៩ ដើម្បី​ហាមឃាត់​ក្រុមបាតុករ មិន​ឲ្យ​ពាក់​ម៉ាស់​ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​។ ប៉ុន្តែ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ជាន់ខ្ពស់​ហុងកុង បានប្រកាសថា​៖ ច្បាប់​ហាមឃាត់​ការពាក់​ម៉ាស់ គឺ​មិន​ស្របតាម​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​។ ខណៈការប្រកាស​នេះ បានធ្វើ​ឲ្យ​ប៉ូលីស​ហុងកុង​ផ្អាក​ការអនុវត្ត​ច្បាប់​ជាច្រើន​ខែ​។

បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​ ​បាននិយាយថា រហូតដល់​ខែមេសា ឆ្នាំ​២០២០ តុលាការ​ឧទ្ធរណ៍​ហុងកុង បានសម្រេច​ថា រដ្ឋាភិបាល​ហុងកុង​អាច​ហាមឃាត់​ការពាក់​ម៉ាស់​បាន​ក្នុងការ​ជួបជុំ​ដែល​ខុសច្បាប់ ប៉ុន្តែ​ច្បាប់​ហាម​ការពាក់​ម៉ាស់​នេះមិនអាច​យកមកប្រើ​ប្រាស់​បានឡើយ ក្នុងការ​ជួបជុំ​ស្របច្បាប់​។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូល​ជា​ធរមាន អាជ្ញាធរ​ហុងកុង ក៏បានអនុវត្តច្បាបនេះ ហើយ​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ទាក់ទិន​នឹង​ការធ្វើ​បាតុកម្ម​នៅក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្រោយមក អ្នក​ទាំងនោះ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print