ទាហានកូរ៉េខាងត្បូងត្រៀមលក្ខណៈធ្វើសង្គ្រាម​ក្រោយមន្ត្រីមួយរូបត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់

ចែករំលែក៖

កូរ៉េខាងត្បូងបានដាក់ទាហានក្នុងស្ថានភាពត្រៀមលក្ខណៈធ្វើសង្គ្រាម ក្រោយពីទាហានកូរ៉េខាងជើងបាន បាញ់សម្លាប់មន្ត្រីជាន់ខ្ពស់​មួយរូប របស់ខ្លួននៅតំបន់សមុទ្រព្រំដែនប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី​២៥ ខែកញ្ញា​បានប្រកាសថា កម្លាំងទាហានទាំងអស់ស្ថិតនៅក្នុងការត្រៀមលក្ខណៈខ្ពស់ ។
តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង​បានបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំងទាហានត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់​បំផុតដល់សកម្មភាព​យោធារបស់កូរ៉េខាងជើង​ក៏ដូចជាត្រៀមលក្ខណៈធ្វើសកម្មភាព​ពេលមានសង្គ្រាមផ្ទុះឡើង។
ការប្រកាសខាងលើ​របស់ក្រសួងការពារជាតិ គឺក្រោយពេលកូរ៉េខាងត្បូង​បានបញ្ជាក់ថា មន្ត្រី​ទទួលបន្ទុកដែនសមុទ្រនិង​នេសាទកូរ៉េខាងត្បូង​ត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ពេលបំពេញបេសកកម្មនៅតំបន់សមុទ្រជាប់ព្រំដែនប្រទេសទាំងពីរ​។ មន្ត្រីដែលបាត់ខ្លួនមានអាយុ​៤៧ឆ្នាំ​។ កន្លងមកមានប្រភពព័ត៌មានបានលើកឡើងថា មន្ត្រី​រូបនោះព្យាយាមភៀសខ្លួនចូលទៅកាន់កូរ៉េខាងជើង ។ មកទល់ពេលនេះ​ភាគីកូរ៉េខាងត្បូងមិនទាន់បញ្ជាក់ថាហេតុអ្វីបានជាមន្ត្រីខាងលើទៅកាន់ព្រំដែនជាប់កូរ៉េខាងជើងនោះឡើយ បើទោះជាដឹងថាអាចប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ។
កាលពីថ្ងៃទី​២៤ខែកញ្ញា ប្រធានាធិបតី មូន ជេអុីន​បានអំពាវនាវដល់កូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវ​ចំពោះការស្លាប់របស់មន្ត្រីកូរ៉េខាងត្បូង។ មកទល់ពលនេះភាគីកូរ៉េខាងជើងមិនទាន់មានប្រតិកម្មអ្វី​ជុំវិញការទាមទារឲ្យខ្លួនទទួលខុសត្រូវពីប្រធានាធិបតីកូរ៉េខាងត្បូងនោះឡើយ​។
ហេតុការណ៍ខាងលើអាចនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ ប្រឈមមុខតានតឹងដាក់គ្នាជាថ្មី បើទោះបីភាគីទាំងពីរបានខិតខំ ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងឧបទ្វីបក្តី៕​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print