លោក គីម ជុង​អ៊ុន ស​សេរ​លិខិត​សុំទោសទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង ​ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសសេរលិខិតសុំទោសទៅកាន់លោក មូ ចេអ៊ីប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ ដោយលោក គីម អះអាងថា៖ រឿងនេះមិនគួរកើតឡើងឡើយ

ជាកលស្តែងនៅក្នុងលិខិតផ្ញើដោយរណសិរ្សរួបរួមកូរ៉េខាងជើងដែលស្ថាប័នទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងត្បូងទៅកាន់លោក មូចេអ៊ីប្រធានាធិបតីកូរ៉េខាងត្បូង លោកគីម ជុងអ៊ុនប្រមុខដឹកនាំកូរ៉េខាងជើង បានបង្ហាញការសោកស្ដាយចំពោះឧបទ្ទវហេតុដែលកើតឡើង ដែលធ្វើឲ្យសាធារណៈជនកូរ៉េខាងត្បូងអន់ចិត្ត ហើយដែលជារឿងដែលមិនគួរឲ្យកើតឡើងលោក គីម ជុងអ៊ុនបាននិយាយថា៖«​ខ្ញុំ សុំទោសចំពោះរឿងដែលមិនរំពឹងទុក និងគួរឲ្យសោកស្តាយដែលកើតឡើងក្នុងដែនទឹករបស់យើង ដែលនាំឲ្យមានការខកចិត្តពីប្រធានាធិបតី មូ ចេអ៊ី និងប្រជាជនកូរ៉េខាងត្បូង​»​

បើតាមភ្នាក់ងារសារព័ត៌មាន Yonhap​ បានចុះផ្សាយដោយយោងតាមប្រភពពីយោធាកូរ៉េខាងត្បូង និយាយថា នៅមុនរសៀលថ្ងៃទី២១ខែកញ្ញាថ្មីៗនេះ មន្ត្រីកូរ៉េខាងត្បូងដែលធ្វើការនៅក្រសួងសមុទ្រ និងនេសាទ បានបាត់ខ្លួនពីទូកល្បាតមួយនៅក្បែរកោះ Yeonpyeong នៅក្បែរព្រំដែនទឹកខណ្ឌចែកឧបទ្វីបកូរ៉េ

សូមជម្រាបថា ក្នុងលិខិតរបស់ខ្លួន កូរ៉េខាងជើង បានអះអាងថា បុរសមិនស្គាល់អត្តសញ្ញាណមួយរូប បានឆ្លងចូលព្រំដែនទឹកកូរ៉េខាងជើងដោយគ្មានការអនុញ្ញាត និងមិនបានឆ្លើយតបត្រឹមត្រូវនៅពេលសួរដោយទាហានកូរ៉េខាងជើង ក្រោយពេលបុរសនោះមិនបង្ហាញអត្តសញ្ញាណ ទាហានកូរ៉េខាងជើងបាញ់បុរសនោះចំនួន១០គ្រាប់ ស្របពេលជាមួយគ្នានេះដែរ មន្ត្រីកូរ៉េខាងត្បូងលើកឡើងថា បុរសរូបនោះទំនងជាព្យាយាមភៀសខ្លួនទៅកូរ៉េខាងជើង ដោយពាក់អាវពោងទៅជាមួយ កូរ៉េខាងជើងបញ្ជាក់ថា ខ្លួននៅបន្តស៊ើបអង្កេតពីមូលហេតុនៃការភៀសខ្លួននេះ

យ៉ាងណាមិញ កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនមិនបានដុតសាកសពមន្ត្រីកូរ៉េខាងត្បូងរូបនេះឡើយ ហើយទាហានកូរ៉េខាងជើងគ្រាន់តែចាក់សាំងដុតសម្ភារដែលមន្ត្រីរូបនេះយកមកតាមខ្លួនប៉ុណ្ណោះ ដើម្បីបង្ការជំងឺ COVID-19​ ចំណែកទាហានកូរ៉េខាងត្បូងវិញ អះអាងថា ខ្លួនមិនទាន់រកឃើញសាកសពរបស់មន្ត្រីរូបនេះឡើយ

ដោយឡែកមេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ក៏បាននិយាយថា កាលពីខែកក្កដាកន្លងទៅ កូរ៉េខាងជើង បានចេញបញ្ជាឲ្យកងទ័ពរបស់ខ្លួនបាញ់សម្លាប់អ្នកណាដែលឆ្លងដែន សំដៅទប់ស្កាត់ការរាលដាលជំងឺ COVID-19 កូរ៉េខាងជើងថែមទាំងបានបិទព្រំដែនជាមួយចិនតាំងតែពីខែមករា ដើម្បីទប់ស្កាត់ជំងឺឆ្លង ក្នុងខែកក្កដាដដែល កូរ៉េខាងជើងបានដាក់ប្រទេសក្នុងស្ថានភាពអាសន្នកម្រិតខ្ពស់បំផុត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print