លោក គីម ជុង​អ៊ុន ស​សេរ​លិខិត​សុំទោសទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង ​ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បា​នស​សេរ​លិខិតសុំទោស​ទៅកាន់លោក មូ​ន ចេ​អ៊ី​ន ​ប្រធានាធិបតី​កូរ៉េខាងត្បូង ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​។ ដោយលោក គីម អះអាងថា៖ រឿងនេះ​មិនគួរ​កើតឡើង​ឡើយ​។

​ជាកលស្តែងនៅក្នុង​លិខិត​ផ្ញើ​ដោយ​រណសិរ្ស​រួបរួម​កូរ៉េខាងជើង ​ដែល​ស្ថាប័ន​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ទៅកាន់លោក មូ​នចេ​អ៊ី​ន ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក​គីម ជុង​អ៊ុន ​ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ឧបទ្ទវ​ហេតុដែល​កើតឡើង ដែល​ធ្វើ​ឲ្យ​សាធារណៈជន​កូរ៉េខាងត្បូង​អន់ចិត្ត ហើយ​ដែលជា​រឿង​ដែល​មិនគួរ​ឲ្យ​កើតឡើង​។​ លោក គីម ជុង​អ៊ុន​ បាននិយាយថា៖«​ខ្ញុំ សុំទោស​ចំពោះ​រឿង​ដែល​មិន​រំពឹងទុក និង​គួរ​ឲ្យ​សោកស្តាយ​ដែល​កើតឡើង​ក្នុង​ដែនទឹក​របស់​យើង ដែល​នាំ​ឲ្យ​មានការ​ខកចិត្ត​ពី​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​ប្រជាជន​កូរ៉េខាងត្បូង​»​។

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap​ បានចុះផ្សាយដោយយោងតាម​ប្រភពពីយោធា​កូរ៉េខាងត្បូង និយាយថា នៅមុន​រសៀល​ថ្ងៃទី​២១ខែកញ្ញា​ថ្មីៗនេះ មន្ត្រី​កូរ៉េខាងត្បូង​ដែល​ធ្វើការ​នៅ​ក្រសួង​សមុទ្រ និង​នេសាទ បាន​បាត់​ខ្លួន​ពី​ទូក​ល្បាត​មួយ​នៅក្បែរ​កោះ Yeonpyeong នៅក្បែរ​ព្រំដែន​ទឹក​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ ។

​សូមជម្រាបថា ក្នុង​លិខិត​របស់ខ្លួន កូរ៉េខាងជើង បាន​អះអាងថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​មួយរូប បាន​ឆ្លង​ចូល​ព្រំ​ដែនទឹក​កូរ៉េខាងជើង​ដោយ​គ្មាន​ការអនុញ្ញាត និង​មិនបាន​ឆ្លើយតប​ត្រឹមត្រូវ​នៅពេល​សួរ​ដោយ​ទាហាន​កូរ៉េខាងជើង​។ ក្រោយពេល​បុរស​នោះ​មិន​បង្ហាញ​អត្តសញ្ញាណ ទាហាន​កូរ៉េខាងជើង​បាញ់​បុរស​នោះ​ចំនួន​១០​គ្រាប់​។ ស្របពេល​ជាមួយគ្នានេះដែរ មន្ត្រី​កូរ៉េខាងត្បូង​លើកឡើងថា បុរស​រូបនោះ​ទំនងជា​ព្យាយាម​ភៀសខ្លួន​ទៅ​កូរ៉េខាងជើង ដោយ​ពាក់អាវ​ពោង​ទៅជា​មួយ​។ កូរ៉េខាងជើង​បញ្ជាក់ថា ខ្លួន​នៅ​បន្ត​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​ភៀសខ្លួន​នេះ​។​

យ៉ាងណាមិញ កូរ៉េខាងជើង​បានបញ្ជាក់​ថា ខ្លួន​មិនបាន​ដុត​សាកសព​មន្ត្រី​កូរ៉េខាងត្បូង​រូបនេះ​ឡើយ ហើយ​ទាហាន​កូរ៉េខាងជើង​គ្រាន់តែ​ចាក់​សាំង​ដុត​សម្ភារ​ដែល​មន្ត្រី​រូបនេះ​យកមក​តាម​ខ្លួន​ប៉ុណ្ណោះ ដើម្បី​បង្ការ​ជំងឺ COVID-19​។ ចំណែក​ទាហាន​កូរ៉េខាងត្បូង​វិញ អះអាងថា ខ្លួន​មិនទាន់​រកឃើញ​សាកសព​របស់​មន្ត្រី​រូបនេះ​ឡើយ​។​

​ដោយឡែកមេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង ក៏បាននិយាយថា កាលពី​ខែកក្កដា​កន្លងទៅ កូរ៉េខាងជើង បានចេញ​បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន​បាញ់សម្លាប់​អ្នកណា​ដែល​ឆ្លងដែន សំដៅ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ។ កូរ៉េខាងជើង​ថែមទាំង​បាន​បិទ​ព្រំដែន​ជាមួយ​ចិន​តាំងតែ​ពី​ខែមករា ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​។ ក្នុង​ខែកក្កដា​ដដែល កូរ៉េខាងជើង​បានដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​កម្រិត​ខ្ពស់បំផុត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print