ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧ និង៣០នាទី បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួមយុទ្ធនាការបោសសម្អាត និង ធ្វើអនាម័យតាមតាបណ្តោយច្រាំងទន្លេ ក្រោមអធិបតីភាពលោក ហ៊ួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
ក្នុងយុទ្ធនាការនេះ ដោយមានការចូលរួមពីលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ហ៊ួត ឫទ្ធី ប្រធាននាយកដ្ឋានគាំពារ និងប្រលងប្រណាំងទីក្រុងស្អាត លោកស្រីតំណាងក្រសួងបរិស្ថាន គណៈអភិបាលខណ្ឌដូនពេញ គណៈនាយករដ្ឋបាល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញខណ្ឌ លោក–លោកស្រីចៅសង្កាត់ និង ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ និងបងប្អូនកម្មករក្រុមហ៊ុនស៊ីនទ្រី សរុបប្រមាណ ៥០០នាក់ ។
នាឱកាសនោះដែរ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា គោលបំណងនៃយុទ្ធនាការសម្អាត និង ធ្វើអនាម័យនាពេលនេះ គឺចង់បង្ហាញអោយបងប្អូនប្រជាពលរដ្ឋដែលមក លេងកម្សាន្ត នៅតំបន់សួនច្បារច្រាំងទន្លេនេះ ត្រូវចេះស្រលាញ់បរិស្ថាន ចេះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និង មិនត្រូវចោលសំរាម ពាសវាលពាសកាលនៅតាមទីសាធារណៈផ្សេងៗ ឬក្រៅធុងសំរាមនោះទេ និងត្រូវចូលរួមលើកកម្ពស់សោភណភាព អនាម័យ បរិស្ថាន ជុំវិញខ្លួន យើងអោយកាន់តែល្អប្រសើរឡើង ៕ដោយ៖ស តារា