ខេត្តបន្ទាយមានជ័យ÷ពិតជាសង្វេគណាស់ដែលក្មេងស្រី២នាក់បងប្អូនជីដូនមួយនឹងគ្នាបាននាំគ្នាទៅងូតទឹកលេងនៅចំណុចលូទឹកមួយកន្លែងនៅចុងភូមិបណ្តាលឲ្យលង់ស្លាប់ទាំង០២នាក់ នៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ប្រាប់ថាក្មេងស្រីរងគ្រោះទាំង២នាក់ ម្នាក់មានឈ្មោះ ភាព ចំណាន ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះភាព តុលា និងម្តាយឈ្មោះឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ចំណែក ម្នាក់ទៀត ឈ្មោះ វ៉ាង សុខវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះឈឿន ចាន់ណា មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ។ ក្មេងស្រីរងគ្រោះទាំង០២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។
លោកបញ្ជាក់ថា នៅមុនពេលកើតហេតុកុមារីរងគ្រោះទាំង០២នាក់ បាននាំគ្នាមកងូត ទឹកហូរលេងនៅចំណុចលូទឹកចុងភូមិត្រង់កន្លែងកើតហេតុខណ:ដែលទឹកកំពុងជន់ឡើងហើយមានក្មេងៗបានមកងូតទឹកលេងជាច្រើននាក់ ក្នុងនោះក៏មានក្មេងស្រីរងគ្រោះបាននាំគ្នាមកងូតទឹកលេងផងដែរ។ លុះបានមួយសន្ទុះស្រាប់តែទឹកហូរកួចបណ្តាលឲ្យលង់ទឹកស្លាប់ទាំង០២នាក់បងប្អូនតែម្តងដោយគ្មានអ្នកណាជួយទាន់ឡើយ ។ ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពរួចបានប្រគល់សពឲ្យឪពុកម្ដាយយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ វណ្ណា