រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺក្នុងវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយផលសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនាឱកាសចូលរួមសម្ពោធភោជនីយដ្ឋាន សាប៊ូសាប៊ូ អនយ៉ាសៃ ខេមបូឌា (SHABU SHABU ON-YASAI) សាខាទី២ ស្ថិតនៅតាមបណ្ដោយវិថីប៉ាស្ទ័រ កែងនឹងវិថីលេខ ៣៥២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ ពិធីសម្ពោធនេះក៏មានការចូលរួមពីសំណាក់ឯកអគ្គរាជទូរជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ផងដែរ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ៦.៦លាននាក់ កើនឡើង ៦.៦% ក្នុងនោះទេសចរជប៉ុនចំនួន ២០៧,៦៣៦នាក់ ឈរក្នុងលំដាប់ទី៧ នៃទីផ្សារទេសចរណ៍ទាំង១០។ ប៉ុន្តែកន្លងមកនេះ ការរាតត្បាតជាសកលនៃជំងឺកូវីត១៩ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងគំហុកដល់វិសយទេសចរណ៍ និងធ្វើដំណើរនៅទូទាំងពិភពលោក ក្នុងនោះរួមកម្ពុជាផងដែរ។

បច្ចុប្បន្ន នៅកម្ពុជាពុំមានការរីករាលដាលជំងឺ Covid-19 ក្នុងសហគមន៍នោះទេ ហើយអ្នកជំងឺក៏ត្រូវបានព្យាបាលជាសះស្បើយ។ កម្ពុជាក៏បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មប្រឆាំងជាមួយជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងពេល និងក្រោយពេលវិបត្តិ ដែលត្រូវរៀបចំជា ៣ ដំណាក់កាល៖

* ដំណាក់កាលទី១ (Resilient and Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ ចាប់ពីឆមាសទី២ ឆ្នាំ២០២០ រហូតដល់ឆមាសទី១ ឆ្នាំ២០២១។

* ដំណាក់កាលទី២ (Recovery)៖ ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិ ដែលមានរយៈពេលចាប់ពីឆមាសទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

* ដំណាក់កាលទី៣ (Re-launch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

ជាមួយនឹងការថ្លែងសុន្ទរកថាជាភាសាខ្មែរបានយ៉ាងល្អ លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ បានកត់សម្គាល់ឃើញថា «ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសគឺរាជធានីភ្នំពេញ»។

លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានបន្តថា ជាមួយនឹងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ការពេញនិយមទទួលទានអាហារជប៉ុនក៏មានការកើនឡើងដែរ ក្នុងនោះមានភោជនីយដ្ឋានជប៉ុនប្រមាណ ៣០០កន្លែង កំពុងបើកដំណើរការនៅកម្ពុជា។

លោក បណ្ឌិត ថោង ខុន បានថ្លែងអំណរគុណចំពោះវិនិយោគិនជប៉ុនក្នុងវិស័យទេសចរណ៍ រួមមាន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ដែលតែងតែបង្ហាញទំនុកចិត្តនិងឱកាសវិនិយោគ តាមរយៈការបោះទុនវិនិយោគយ៉ាងច្រើននៅកម្ពុជា។

លោក បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អប្រកបដោយកក់ក្តៅចំពោះវិនិយោគិន និងទេសចរជប៉ុន»។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធុរជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋ សូមបន្តកិច្ចគាំទ្រ និងយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើនជាលំដាប់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print