កម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងត្បូង បានបញ្ជូននាវាដល់ទៅ ៣៩គ្រឿង ស្វែងរកសាកសពមន្ត្រីគ្រប់គ្រងដែនសមុទ្រនិង នេសាទ ដែលត្រូវទាហានកូរ៉េខាងជើង បាញ់សម្លាប់ ធ្លាក់ចូលទឹកសមុទ្រ។
ក្រៅពីនាវាទាំង៣៩គ្រឿងនៅមាន យន្តហោះ៦គ្រឿងផងដែរ បានស្វែងរក នៅតាមតំបន់សមុទ្រជិតព្រំដែនមានវិវាទ ជាទីកន្លែងដែល មន្ត្រីវ័យ៤៧ឆ្នាំបាត់ខ្លួនកាលពីថ្ងៃទី២១ខែកញ្ញា។
ភាគីកូរ៉េខាងជើង បានស្នើដល់កូរ៉េខាងត្បូង ឲ្យបញ្ចប់សកម្មភាពស្វែងរក ដោយបញ្ចាក់ថា ការស្វែងរកបានចូលដល់ដែនសមុទ្ររបស់កូរ៉េខាងជើង។
សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៧ខែកញ្ញាបានផ្សាយដកស្រង់សំដីមន្ត្រីកូរ៉េខាងជើងបានបញ្ចាក់ថា«យើងនឹងមិនលើកលែងរាល់សកម្មភាព ឈ្លានពានទឹកដី ពីកូរ៉េខាងជើងនោះឡើយ ។ ជាមួយគ្នានោះយើងបានព្រមានដល់កូរ៉េខាងត្បូង ឈប់ បំពានចូលដែនសមុទ្រកូរ៉េខាងជើង»។
កន្លងមកទីក្រុងសេអ៊ូលបានចោទប្រកាន់ទាហានកូរ៉េខាងជើងបាញ់សម្លាប់ ហើយដុតសាកសពនៅថ្ងៃទី២២ខែកញ្ញា ។ ប៉ុន្តែភាគីកូរ៉េខាងជើងបានប្រកាសថា ទាហានពិតជាបានបាញ់អ្នកចូលទឹកដីរបស់ខ្លួនខុសច្បាប់ ប៉ុន្តែមិនបានដុតសាកសពនោះឡើយ៕ ដោយ៖ធីរីណា