មន្រ្តីក្រុងព្យុងយ៉ាង ការរុករកសាកសពមន្រ្តីនេសាទនៅតំបន់ព្រំដែនសមុទ្រខាងលិចពីសំណាក់ទីក្រុងសេអ៊ូល គឺបានបំពានដែនទឹករបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ កូរ៉េខាងជើង បានបញ្ជាឲ្យកូរ៉េខាងត្បូង បញ្ឈប់ការរុករកសាកសពមន្រ្តីនេសាទនៅតំបន់ព្រំដែនសមុទ្រខាងលិច ព្រោះការរុករុកសាកសពពីសំណាក់ទីក្រុងសេអ៊ូល គឺបានបំពានដែនទឹករបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន KCNA បានបន្តថា កូរ៉េខាងត្បូង បានកេណ្ឌកងទ័ពជើងទឹក ទូក និងនាវាយោធារបស់ខ្លួនជាច្រើន ដើម្បីស្វែងរកសាកសព ហើយថែមទាំងអនុញ្ញាតឲ្យកងទ័ពជើងទឹករបស់ខ្លួនបំពានដែនទឹកកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែកញ្ញាថែមទៀត។ ការណ៍នេះកូរ៉េខាងជើង ទាមទារឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បីបញ្ចៀសឧប្បទ្ទវហេតុជាមួយគ្នាណាមួយកើតឡើង។ ព្រោះការស្វែងរកសាកសពរបស់មន្រ្តីនេសាទកូរ៉េខាងត្បូង នៅតែបន្តដំណើរការ ដែលបេសកកម្មនេះ ត្រូវបានកូរ៉េខាងជើងចោទថា បំពានដែនទឹករបស់ខ្លួន។

កូរ៉េខាងជើង បានអះអាងថា «យើងមិនអាចឈរមើលការបំពានណាមួយ ក្នុងដែនទឹករបស់យើងកើតឡើងឡើយ ហើយយើងព្រមានភាគីកូរ៉េខាងត្បូង ពីការបំពាននេះ។ យើងទទូចឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពរុករកនេះជាបន្ទាន់ នៅតាមតំបន់ព្រំដែននៅក្នុងសមុទ្រខាងលិចដែលអាចនាំឲ្យមានភាពតានតឹងកើតឡើង។ កូរ៉េខាងជើង ក៏មានគម្រោងស្វែងរកសាកសពនោះ ដោយខ្លួនឯងដែរហើយ ប្រសិនបើរកឃើញកូរ៉េខាងជើងនឹងប្រគស់សាកសពនោះត្រលប់ទៅវិញ។

សូមជម្រាបថា មកទល់ពេលនេះ សាកសពមន្រ្តីកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានកងទ័ពកូរ៉េខាងជើងបាញ់ គឺមិនទាន់រកឃើញនៅឡើយទេ។កូរ៉េខាងត្បូង បានចោទកូរ៉េខាងជើងថា បានដុតសាកសពបុរសម្នាក់នេះ។ ជាការឆ្លើយតប កូរ៉េខាងជើងអះអាងថា ខ្លួនបានដុតតែសម្ភារដែលនៅជាប់ខ្លួនបុរសនោះតែប៉ុណ្ណោះ ចំណែកសាកសពវិញ គឺអណ្តែតនៅលើសមុទ្រ។

គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូង បានប្រើប្រាស់កប៉ាល់ចំនួន៣៩គ្រឿង ដោយរួមមាន នាវាយោធា១៦គ្រឿង និងយន្តហោះ ៦គ្រឿងដើម្បីរកសាកសពបុរសកូរ៉េខាងត្បូងដែលបាត់។ កន្លងមក កូរ៉េខាងត្បូង បានស្នើឲ្យកូរ៉េខាងជើងស៊ើបអង្កេតលើការបាញ់សម្លាប់នេះ ហើយថែមទាំងស្នើឲ្យមានការស៊ើបអង្កេតរួមគ្នាថែមទៀត ប្រសិនបើអាច៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print