លោក អ៊ុំ ប៉ុណ្ណាការ ខុទ្ទកាល័យរងនៃទីចាត់ការលទ្ធកម្ម សម្រាប់ការវិនិយោគនៃសាលាខេត្តកំពង់ចាមត្រូវគេបង្ហើបថា បានឃុបឃិតបើកកញ្ចប់ ដេញថ្លៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានជា “គោលនយោបាយមូលនិធិជាតិ និងមូលនិធិភូមិ ឃុំ សង្កាត់”ទៅឱ្យឈ្មោះ ហង្ស សុគា ជាបក្ខពួក ដើម្បីងាយ ស្រួលប្រព្រឹត្តអំពើពុករលួយ ។ លោក ហង្ស សុគា ជានាយសឹករងស្រុកព្រៃឈរ ជាដៃគូជិតដិតរបស់ លោក អ៊ុំ ប៉ុណ្ណាការ នោះតែម្តង ។
ពាក់ព័ន្ធនឹងករណីដេញថ្លៃវិនិយោគនៅខេត្តកំពង់ចាម បានខ្សឹបទម្លាយព័ត៌មានដ៏រសើបនេះ បន្ទាប់ពីគម្រោងដេញថ្លៃ ជួសជុលផ្លូវ ២ខ្សែ នៅឃុំមៀន និងឃុំក្រូច ស្រុកព្រៃឈរ កាលពីពេលថ្មីៗនេះ បង្កប់ភាពមិនប្រក្រតី ដែលគេសង្ស័យជាការដេញថ្លៃចងមុងចែកគ្នាស៊ី កេងប្រវ័ញ្ចលុយជាតិ ។ ហើយដែលជាទូទៅមន្ត្រីក្រុមហ៊ុនចងមុងដេញថ្លៃទាំង នោះ ច្រើនទុកគម្រោងជាសាច់កាប់ ។
ក្រុមហ៊ុនវិនិយោគទាំងនោះ បានខ្សឹបទម្លាយឱ្យដឹងទៀតថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ នេះ គឺសាលាឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបើកគម្រោងដេញថ្លៃ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ( មូលនិធិភូមិ ឃុំ សង្កាត់)ដោយមេឃុំទាំងពីរ ជាម្ចាស់លទ្ធកម្ម និងមានការចូលរួមពីសំណាក់ លោក អ៊ុំ ប៉ុណ្ណាការ នាយករង ទីចាត់ការវិនិយោគខេត្តកំពង់ចាមជាប្រធាន ។
ប្រភពទម្លាយដូចជា ក្នុងគម្រោងទី ១ នៅឃុំមៀនបានចំណាយទឹកប្រាក់ ជួសជុលផ្លូវជាង ២គីឡូម៉ែត្រ ដែល មានទឹកប្រាក់ចំនួន ៩៣.៨៦០.៧៣០០រៀល ។ រីឯ គម្រោងជួសជុលផ្លូវឃុំក្រូចវិញ មានទឹកប្រាក់ចំនួន ៥២.៨៦០.៧៣០ រៀល ហើយអ្នកមានសិទ្ធិចូលរួមដេញថ្លៃ មានតែ ៤ក្រុមហ៊ុន ចូលរួមដេញថ្លៃជួសជុលផ្លូវទាំង ២ឃុំនោះ ដោយឈ្មោះ ហង្ស សុគា មេបញ្ជាការសឹករងស្រុកព្រៃឈរបានទទួលគម្រោងនោះ ពុំបាច់ចំណាយញើសឈាមទាល់តែសោះ ។
តាមក្រុមអ្នកវិនិយោគខាងលើបានខ្សឹបឱ្យដឹងទៀតថា ការដេញថ្លៃនោះ បង្កប់ទៅដោយអំពើពុករលួយ ព្រោះ ប្រាក់ប៉ាន់ស្មាន និងប្រាក់លម្អៀងដែលដេញបាននោះ វាខុសគ្នាយ៉ាងច្រើន និងបានធ្វើឱ្យរដ្ឋខាតបង់តែចំណេញក្រុមហ៊ុន និងបក្ខពួក ដែលគេរៀបចំជាប្រព័ន្ធចងមុងទុករួចជាស្រេច ។
យោងតាមទឹកប្រាក់ប៉ាន់ការដេញថ្លៃនៅឃុំមៀន ចំនួន ៩៣.៨៦០.៧៣០០រៀល គេដេញចុះមកត្រឹមតែ ៩២.៤៦៦.០០០រៀល ធ្លាក់តែជាង ១លានរៀលប៉ុណ្ណោះ ហើយប្រាក់ប៉ាន់ស្មាននៅឃុំក្រូចចំនួន៥២.៨៦០.៧៣០ រៀល គេដេញចុះមកត្រឹម ៥១.៥០០.០០០រៀលប៉ុណ្ណោះ គឺធ្លាក់តែជាង ១លានរៀលដូចគ្នា ។ ដូច្នេះការដេញថ្លៃនេះ គ្មានគណនេយ្យភាព និងតម្លាភាពទេ គឺជាការរៀបចំគម្រោងរបស់ក្រុមបក្ខពួកដែលខុសពីការដេញថ្លៃ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៥ លើគម្រោងជួសជុលផ្លូវនៅឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាមដែរនោះ គឺគេដេញថ្លៃដ៏មានតម្លា ភាពមួយ ហើយរដ្ឋសល់លុយចំណេញច្រើន គឺប្រាក់ប៉ាន់ស្មានជាង ៤០លានរៀល គេដេញបានតែជាង ១៥លានរៀលប៉ុណ្ណោះ គឺរដ្ឋ ចំណេញលុយច្រើន តែគម្រោងដេញថ្លៃ ២ឃុំខាងលើនេះ បែរជារដ្ឋសល់លុយតែជាង ១លានរៀល ក្នុង១គម្រោង ហើយអ្វី ដែលគេសង្ស័យបំផុតនោះ គឺមានអ្នកចូលរួមដេញថ្លៃតែ ៤ក្រុមហ៊ុនប៉ុណ្ណោះ ឯក្រៅពីនេះ គេមិនឱ្យចូលដេញថ្លៃទេ ៕