(​ខ្សឹប​ដាក់​ត្រចៀក​)៖​ នាយ​រង​ខុទ្ទកាល័យ​ខេត្តកំពង់ចាម​រង​ការ​ចោទ​ថា​ពុក​រលួយ

ចែករំលែក៖

​លោក​ អ៊ុំ​ ប៉ុណ្ណា​ការ​ ខុទ្ទកាល័យ​រង​នៃ​ទីចាត់ការ​លទ្ធកម្ម​ សម្រាប់​ការ​វិនិយោគ​នៃ​សាលាខេត្ត​កំពង់ចាម​ត្រូវ​គេ​បង្ហើប​ថា​ បាន​ឃុបឃិត​បើក​កញ្ចប់​ ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ មូលដ្ឋាន​ជា​ “​គោលនយោបាយ​មូលនិធិ​ជាតិ​ និង​មូលនិធិ​ភូមិ​ ឃុំ​ សង្កាត់​”​ទៅ​ឱ្យឈ្មោះ​ ហង្ស​ សុ​គា​ ជា​បក្ខពួក​ ដើម្បី​ងាយ​ ស្រួល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​ លោក​ ហង្ស​ សុ​គា​ ជា​នាយ​សឹក​រង​ស្រុក​ព្រៃឈរ​ ជា​ដៃគូ​ជិតដិត​របស់​ លោក​ អ៊ុំ​ ប៉ុណ្ណា​ការ​ នោះ​តែ​ម្តង​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ដេញថ្លៃ​វិនិយោគ​នៅ​ខេត្តកំពង់ចាម​ បាន​ខ្សឹប​ទម្លាយ​ព័ត៌មាន​ដ៏​រសើប​នេះ​ បន្ទាប់​ពី​គម្រោង​ដេញថ្លៃ​ ជួសជុល​ផ្លូវ​ ២​ខ្សែ​ នៅ​ឃុំ​មៀន​ និង​ឃុំ​ក្រូច​ ស្រុក​ព្រៃឈរ​ កាលពី​ពេល​ថ្មីៗ​នេះ​ បង្កប់​ភាព​មិន​ប្រក្រតី​ ដែល​គេ​សង្ស័យ​ជា​ការ​ដេញថ្លៃ​ចង​មុង​ចែក​គ្នា​ស៊ី​ កេងប្រវ័ញ្ច​លុយ​ជាតិ​ ។​ ហើយ​ដែល​ជា​ទូទៅ​មន្ត្រី​ក្រុមហ៊ុន​ចង​មុង​ដេញថ្លៃ​ទាំង​ នោះ​ ច្រើន​ទុក​គម្រោង​ជា​សាច់​កាប់​ ។​

​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​ បាន​ខ្សឹប​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​ ១១​ ខែមិថុនា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ នេះ​ គឺ​សាលាឃុំ​មៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ បាន​បើក​គម្រោង​ដេញថ្លៃ​ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ (​ មូលនិធិ​ភូមិ​ ឃុំ​ សង្កាត់​)​ដោយ​មេឃុំ​ទាំង​ពីរ​ ជា​ម្ចាស់​លទ្ធកម្ម​ និង​មានការ​ចូលរួម​ពី​សំណាក់​ លោក​ អ៊ុំ​ ប៉ុណ្ណា​ការ​ នាយករង​ ទីចាត់ការ​វិនិយោគ​ខេត្តកំពង់ចាម​ជា​ប្រធាន​ ។​

​ប្រភព​ទម្លាយ​ដូច​ជា​ ក្នុង​គម្រោង​ទី​ ១​ នៅ​ឃុំ​មៀនបាន​ចំណាយ​ទឹកប្រាក់​ ជួសជុល​ផ្លូវ​ជាង​ ២​គីឡូម៉ែត្រ​ ដែល​ មាន​ទឹកប្រាក់​ចំនួន​ ៩៣.៨៦០.៧៣០០​រៀល​ ។​ រីឯ​ គម្រោង​ជួសជុល​ផ្លូវ​ឃុំ​ក្រូច​វិញ​ មាន​ទឹកប្រាក់​ចំនួន​ ៥២.៨៦០.៧៣០​ រៀល​ ហើយ​អ្នកមាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​ មាន​តែ​ ៤​ក្រុមហ៊ុន​ ចូលរួម​ដេញថ្លៃ​ជួសជុល​ផ្លូវ​ទាំង​ ២​ឃុំ​នោះ​ ដោយ​ឈ្មោះ​ ហង្ស​ សុ​គា​ មេបញ្ជាការ​សឹក​រង​ស្រុក​ព្រៃឈរ​បាន​ទទួល​គម្រោង​នោះ​ ពុំ​បាច់​ចំណាយ​ញើស​ឈាម​ទាល់តែ​សោះ​ ។​

​តាម​ក្រុម​អ្នក​វិនិយោគ​ខាងលើ​បាន​ខ្សឹប​ឱ្យ​ដឹង​ទៀត​ថា​ ការ​ដេញថ្លៃ​នោះ​ បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​ ព្រោះ​ ប្រាក់​ប៉ាន់ស្មាន​ និង​ប្រាក់​លម្អៀង​ដែល​ដេញ​បាន​នោះ​ វា​ខុស​គ្នា​យ៉ាងច្រើន​ និង​បាន​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​តែ​ចំណេញ​ក្រុមហ៊ុន​ និង​បក្ខពួក​ ដែល​គេ​រៀបចំ​ជា​ប្រព័ន្ធ​ចង​មុង​ទុក​រួច​ជា​ស្រេច​ ។​

​យោង​តាម​ទឹកប្រាក់​ប៉ាន់​ការ​ដេញថ្លៃ​នៅ​ឃុំ​មៀន​ ចំនួន​ ៩៣.៨៦០.៧៣០០​រៀល​ គេ​ដេញ​ចុះ​មក​ត្រឹមតែ​ ៩២.៤៦៦.០០០​រៀល​ ធ្លាក់​តែ​ជាង​ ១​លាន​រៀល​ប៉ុណ្ណោះ​ ហើយ​ប្រាក់​ប៉ាន់ស្មាន​នៅ​ឃុំ​ក្រូច​ចំនួន​៥២.៨៦០.៧៣០​ រៀល​ គេ​ដេញ​ចុះ​មក​ត្រឹម​ ៥១.៥០០.០០០​រៀល​ប៉ុណ្ណោះ​ គឺ​ធ្លាក់​តែ​ជាង​ ១​លាន​រៀល​ដូច​គ្នា​ ។​ ដូច្នេះ​ការ​ដេញថ្លៃ​នេះ​ គ្មាន​គណនេយ្យ​ភាព​ និង​តម្លាភាព​ទេ​ គឺជា​ការ​រៀបចំ​គម្រោង​របស់​ក្រុម​បក្ខពួក​ដែល​ខុស​ពី​ការ​ដេញថ្លៃ​ កាលពី​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០១៥​ លើ​គម្រោង​ជួសជុល​ផ្លូវ​នៅ​ឃុំ​មេ​ព្រីង​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ដែរ​នោះ​ គឺ​គេ​ដេញថ្លៃ​ដ៏​មាន​តម្លា​ ភាព​មួយ​ ហើយ​រដ្ឋ​សល់​លុយ​ចំណេញ​ច្រើន​ គឺ​ប្រាក់​ប៉ាន់ស្មាន​ជាង​ ៤០​លាន​រៀល​ គេ​ដេញ​បាន​តែ​ជាង​ ១៥​លាន​រៀល​ប៉ុណ្ណោះ​ គឺ​រដ្ឋ​ ចំណេញ​លុយ​ច្រើន​ តែ​គម្រោង​ដេញថ្លៃ​ ២​ឃុំ​ខាងលើ​នេះ​ បែរជា​រដ្ឋ​សល់​លុយ​តែ​ជាង​ ១​លាន​រៀល​ ក្នុង​១​គម្រោង​ ហើយ​អ្វី​ ដែល​គេ​សង្ស័យ​បំផុត​នោះ​ គឺ​មាន​អ្នកចូលរួម​ដេញថ្លៃ​តែ​ ៤​ក្រុមហ៊ុន​ប៉ុណ្ណោះ​ ឯ​ក្រៅពី​នេះ​ គេ​មិន​ឱ្យ​ចូល​ដេញថ្លៃ​ទេ​ ៕

...

khsep

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print