តាមការវាយតម្លៃជាក់ស្តែងរុស្ស៊ីមិនទទួលបានអ្វីនៅក្នុងទឹកដីស៊ីរី ដូចជា អាមេរិក ដែលបូមប្រេងស៊ីរីយកទៅលក់ ។ ប៉ុន្តែអ្វីដែលរុស្ស៊ីទទួលបានោះគឺ ការសាកល្បងអាវុធ ជាច្រើនប្រភេទ នៅលើទឹកដីស៊ីរី ។ អាចនិយាយបានថា ទឹកដីស៊ីរី គឺជា«ផ្ទាំងទសនីយភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មសព្វាវុធរបស់រុស្ស៊ី និងជាទីតាំងសាកល្បងអាវុធក្នុងសមរភូមិពិត»។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា មុនពេលចាប់ផ្តើមចូលរួមនៅក្នុងសង្គ្រាមក្នុងប្រទេសស៊ីរី គឺបានបង្កើតទីតាំងទាហានអាកាស ជាសម្ងាត់នៅលើទឹកដីស៊ីរីរួចមកហើយ ដោយមានយន្តហោះចម្បាំង ៣៤គ្រឿង និងឧទ្ធម្ភាគចក្រ១៦គ្រឿង ។ ក្រៅពីនេះ កម្លាំងទាហានពិសេសរុស្ស៊ីក៏បានប្រមូលផ្តុំគ្នានៅទីនោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកSergei Shoigu បានឲ្យដឹងថា ដំណាក់កាល ទាហានរុស្ស៊ីធ្វើសកម្មភាពខ្លាំងជាគេក្នុងប្រទេសស៊ីរី គឺមានរយៈពេល ៨០៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥ ដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧។ សរុបកម្លាំងទាហានអាកាសរុស្ស៊ី បាន ចេញប្រតិបត្តិការណ៍ដល់ទៅ ៤៤០០០ លើក ហើយការវាយប្រហារ ទម្លាក់គ្រាប់ទៅលើទីតាំងក្រុមភេរវកម្ម IS ច្រើនបំផុតគឺ ១៣៩ លើកក្នុងមួយថ្ងៃនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៥។
ចំណែកយន្តហោះទម្លាក់គ្រាប់ Tu-22M3 បានហោះហើរទម្លាក់គ្រាប់ ៤៧ លើកទៅលើទីតាំងក្រុមភេរវកម្ម ។ កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Kalibr និង Kh-101 ក៏ត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារគោលដៅសំខាន់បំផុតរបស់ក្រុមភេរវកម្ម។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានឲ្យ ដឹងថា អ្វីដែលរុស្ស៊ីទទួលបាននៅក្នុងសង្គ្រាមនៅប្រទេសស៊ីរីនោះគឺ ទីមួយ ទាហានរុស្ស៊ីទទួលបានបទពិសោធពិតក្នុងសមរភូមិខ្ពស់ ពិសេសគឺការបង្កើតគម្រោង វាយប្រហារ និងសហការគ្នា យ៉ាងល្អ ។
ទីពីរ គឺទីបញ្ជាការកម្លាំងទាហានទាំងអស់ ទាំងកម្លាំងការពារដែនអាកាស ទាហានអាកាស ទីបញ្ជាការកងពល ក្រុមអាកាសយានិក បានបង្កើតកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អបំផុត។ ជាមួយគ្នានោះ ផលប្រយោជន៍យ៉ាងសំខាន់ ដែលរុស្ស៊ីទទួលបានគឺ ការសាកល្បងសព្វាវុធពិត ប្រាកដនៅទីនោះ ជួយឲ្យរុស្ស៊ី រកបានទីផ្សារអាវុធកាន់តែច្រើន៕