តើមុនក្លាយជារដ្ឋលេខាធិការ លោក ឯម ច័ន្ទមករា បានចាប់ផ្តើមប្រឡូកការងារសង្គមយ៉ាងណាខ្លះ..?

ចែករំលែក៖

ភ្នំពេញ៖ ខាងក្រោមនេះ ជាប្រវត្តិសង្ខេបមុនក្លាយជារដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានចាប់ផ្តើមប្រឡូកការងារសង្គមតាំងពីខ្លួនមានវ័យ១៣ឆ្នាំមកម្ល៉េះ ហើយធ្លាប់មានឈ្មោះល្បីខាងផ្នែកតស៊ូមតិ និងលើកស្ទួយសិទ្ធិកុមារ ដោយបានធ្វើឱ្យសាធារណៈជនជាច្រើនយល់ពីតម្លៃរបស់កុមារ ដែលជាសមាសភាពសំខាន់មួយនៃ សង្គម។ ដោយឈរលើមនសិការនេះហើយបានជាកុមារា ឯម ច័ន្ទមករា បានតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីបុព្វហេតុកុមារតាំងពីក្មេងវ័យមក គឺចាប់តាំងនៅឆ្នាំ ១៩៩៧។

នៅឆ្នាំ ១៩៩៩ កុមារា ឯម ច័ន្ទមករា មានអាយុ ១៦ឆ្នាំ ត្រូវបានសន្និបាតកុមារទូទាំងប្រទេសបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការ ដែលជាតំណាងឱ្យកុមារទូទាំងប្រទេសធ្វើការតស៊ូមតិដើម្បីសិទ្ធិកុមារនៅកម្ពុជា។ នៅអាយុ១៧ឆ្នាំ កុមារា ឯម ច័ន្ទមករា បានប្រឈមមុខនឹងបញ្ហាជាច្រើន ទាំងក្នុងការងារនិងការសិក្សា ព្រោះដើម្បីត្រូវចុះជួបកុមារជាច្រើននៅតាមជនបទទូទាំងប្រទេស ដែលកាលនោះការធ្វើដំណើរមិនមានភាពងាយស្រួយដូចស្ថានភាពបច្ចុប្បន្ននោះទេ ហើយត្រូវត្រៀមប្រឡងបញ្ចប់ការសិក្សានៅមធ្យមសិក្សាទៀតផង។ «កាលពីឆ្នាំនោះ ខ្ញុំត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដូច្នោះ ខ្ញុំត្រូវចែករំលែកពេលមកសង្វាគការសិក្សាផង និងធ្វើការស្ម័គ្រចិត្តផង» នេះជាការរំលឹកប្រវត្តិរបស់លោក ឯម ច័ន្ទមករា ដែលជាអតីតសិស្សនៃវិទ្យាល័យបឹងត្របែក។

អស់រយ:ពេលជាង ៦ឆ្នាំ ក្នុងឋានៈជាប្រធានគណៈកម្មាធិការកុមារ កុមារា ឯម ច័ន្ទមករា បានកសាងស្នាដៃជាច្រើនសម្រាប់កុមារកម្ពុជា ដែលជំនាន់នោះធ្លាប់បានចូលគាល់អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្ត សីហនុ ចូលធ្វើបទបង្ហាញនៅវិមានរដ្ឋសភាជាតិដល់សមាជិកសភា ចូលជួបគោររាយការណ៍ជូនសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល អំពីស្ថានភាពរបស់កុមារកម្ពុជា និងបានចូលរួមបង្កើតបណ្ណាល័យផ្ទះកុមារ ចុះផ្សព្វផ្សាយអនុសញ្ញាស្តីពីសិទ្ធិកុមារ ចូលរួមការពារផលប្រយោជន៍និងការកេងប្រវ័ញ្ចកម្លាំងពលកម្មករលើកុមារ ចូលរួមការពារការប្រើអំពើហឹង្សាលើកុមារ តាមរយៈការសហការណ៍ជាមួយស្ថាប័នរាជរដ្ឋាភិបាលទៀតផង។

បន្ទាប់មកស្ថិតក្នុងវ័យជាយុវជន នៅឆ្នាំ ២០០២ យុវជន ឯម ច័ន្ទមករា បានក្លាយជាស្ថាបនិក និងជាប្រធានប្រតិបត្តិអង្គការគាំទ្រកុមារ និងយុវជន ដែលជាអង្គការតំណាងសម្លេងយុវជនផ្នែកផ្សព្វផ្សាយ ព័ត៌មានអំពីសិទ្ធិកុមារនិងសិទ្ធិយុវវ័យ។ យុវជន ឯម ច័ន្ទមករា បានធ្វើសកម្មភាពជាច្រើនក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអង្គការដៃគូអភិវឌ្ឍជាច្រើន ដោយធ្វើសកម្មភាពបណ្តុះបណ្តាលយុវជនឱ្យចេះយកនិងផ្តល់ព័ត៌មានពិត តាមរយៈការ ផលិតបទយកការណ៍បែបវីដេអូទស្សនាវដី្តបានរាប់រយឯកសារវីដេអូនិងបានចាក់ផ្សាយតាមរយទូរទស្សន៍ ក្នុងស្រុកផងដែរ។

​នៅឆ្នាំ២០១១ លោក ឯម ច័ន្ទមករា បានមានឱកាសចូលរួមបម្រើការងាររដ្ឋជានាយខុទ្ទកាល័យរដ្ឋមន្ត្រី និងជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ បន្ទាប់ពីបានប្រលងជាប់ចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៅឆ្នាំ ២០១២ និងដោយមានការទុកចិត្តពីអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក អ៊ិត សំហេង ក៏បានស្នើទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតាំង លោក ឯម ច័ន្ទមករា ជាលេខាធិការនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលពេលនោះហើយ ជាឱកាសដ៏ល្អរបស់លោកក្នុងការកសាងស្នាដៃជាច្រើនក្នុងវិស័យពិការភាព រហូតបានអភិវឌ្ឍអង្គភាពក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលស្ទើរតែគ្រប់គ្នាមិនធ្លាប់ស្គាល់ រហូតដល់មានការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលរហូតដល់អនុញ្ញាតិឱ្យពង្រីកស្ថាប័ននោះឱ្យក្លាយជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យពិការភាពទូទាំងប្រទេស ដោយបានរៀបចំអនុក្រឹត្យស្តីការរៀបចំនិងការបប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាប្រវត្តិសាស្ត្រថ្មីនៃវិស័យពិការភាពនៅកម្ពុជា។

​ក្រោយបញ្ចប់អាណត្តិទី៤ របស់រាជរដ្ឋាភិបាល បើទោះបីមានការផ្លាស់ប្តូររដ្ឋមន្ត្រីដឹកនាំក្រសួងសង្គមកិច្ចក្តីក៏លោក ឯម ច័ន្ទមករា បានពុះពាលជំនះគ្រប់ឧបសគ្គរារាំង ខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីបម្រើឱ្យរាជរដ្ឋាភិបាល ពិសេសជនមានពិការភាពនៅកម្ពុជា រហូតដល់មានការទុកចិត្តយ៉ាងកក់ក្តៅពីសំណាក់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតិឱ្យចំផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ២០១៤-២០១៨ និង២០១៨-២០១៩ ព្រមទាំងបានកសាងស្នាដៃថ្មីៗជាច្រើនទៀតតាមរយៈការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងប្រកាសអន្តរក្រសួងជាច្រើនដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព។

​លោក ឯម ច័ន្ទមករា បានទទួលសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យបឹងត្របែកនៅឆ្នាំ២០០២ ទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៦ និងទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅឆ្នាំ ២០១៤។

ដោយផ្តើមចេញពីសមាជិកដ៏សាមញ្ញម្នាក់ក្នុងសកម្មភាពបម្រើឱ្យផលប្រយោជន៍កុមារកម្ពុជា តាំងពី អាយុ១៣ឆ្នាំមកម្ល៉េះ ពោលគឺឆ្នាំ១៩៩៧ កុមារា ឯម ច័ន្ទមករា បានអភិវឌ្ឍន៍ខ្លួនតាមរយៈការខិតខំប្រឹងប្រែងបំពេញតួនាទី កសាងស្នាដៃជាច្រើនសម្រាប់ប្រជាជាជន និងរាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានឋានៈនិងតំណែងជាបន្តបន្ទាប់ដូចខាងក្រោម៖

*ឆ្នាំ១៩៩៧-១៩៩៩ ​ជាលេខាធិការនៃគណៈកម្មាធិការកុមារ។
ឆ្នាំ១៩៩៩-២០០២ ​ជាប្រធានគណៈកម្មាធិការកុមារ ជាតំណាងឱ្យកុមារកម្ពុជា។
*ឆ្នាំ២០០២-២០១០​ជាស្ថាបនិក និងជាប្រធានប្រតិបត្តិអង្គការគាំទ្រកុមារ និងយុវជន អង្គការតំណាងសម្លេងយុវជនផ្នែកព័ត៌មានសិទ្ធិកុមារនិងយុវវ័យ។
*ឆ្នាំ២០១១-២០១២​ជានាយខុទ្ទកាល័យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្ថែមលើមុខងារ
*ឆ្នាំ២០១១-២០១៣​ជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានឋានៈស្មើ អគ្គនាយករង
*ឆ្នាំ២០១២​​ប្រលងជាប់ក្របខណ្ឌជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា
*ឆ្នាំ២០១២-២០១៣​ជាលេខាធិការ នៃលេខាធិការដ្ឋានក្រុមបឹក្សាសកម្មភាពជនពិការមានឋានៈស្មើ ប្រធាននាយកដ្ឋាន
​ *ឆ្នាំ២០១៣-២០១៨​ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានឋានៈស្មើ អនុរដ្ឋលេខាធិការ
​ *ឆ្នាំ២០១៨-២០២០​ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានឋានៈស្មើ រដ្ឋលេខាធិការ

​​ *បច្ចុប្បន្ន​ជារដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

មេដាយនិងគ្រឿងឥស្សរិយសនៃព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់ទទួលបាន៖
*ឆ្នាំ ២០១៨​គ្រឿងឥស្សរិយស ជាតូបការ
*ឆ្នាំ ២០១៧​គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍
*ឆ្នាំ ២០១៥​គ្រឿងឥស្សរិយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់ មហាសេរីវឌ្ឍន៍
*ឆ្នាំ ២០១៤​គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍
*ឆ្នាំ ២០១០​គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា
ឆ្នាំ ២០០៩​គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ
*ឆ្នាំ ២០០៩​មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ
*ឆ្នាំ ២០០៤​មេដាយមាសស្ថាបនាជាតិ

គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមអនុវត្តពីគ្រប់ក្រសួងស្ថាប័ននានា ដោយមានលោក ឯម ច័ន្ទមករា ជាសេនាធិការផងនោះ ស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាពកម្ពុជាមានភាពប្រសើរឡើង ការរើសអើង ជនពិការក៏បានកាត់បន្ថយ ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពបានកែសម្រួលជាបណ្តើរៗ ការអប់រំដល់ជនមានពិការភាពត្រូវបានទទួលការយកចិត្តទុកដាក់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានដាក់បញ្ចូលការងារពិការភាពទៅក្នុងផែនការអភិវឌ្ឍរបស់ខ្លួន រដ្ឋនិងឯកជនបានផ្តល់ឱកាសការងារដល់ជនមានពិការ ប្រាក់របបសម្រាប់ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ក៏ត្រូវបានបើកផ្តល់ជាបន្តបន្ទាប់ រហូតដល់មានការទទួលស្គាល់និងស្ងើចសសើរពីបណ្តាប្រទេសនានាដែលជាហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print