ប្រជាជននៅអាមេរិកឡាទីន ងាកទៅទិញទំនិញតាមអនឡាញ កាន់តែច្រើនឡើងៗ ចាប់តាំងពីកូវីដ-១៩ផ្ទុះឡើង

ចែករំលែក៖

អន្តរជាតិ៖ ខណៈការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) ជម្រុញឲ្យប្រជាជនរាប់លាននាក់នៅអាមេរិកឡាទីន បានកែប្រែទម្លាប់ពីមុនដែលធ្លាប់ទៅផ្សារទិញទំនិញ បែរងាកទៅធ្វើការទិញទំនិញតាមអនឡាញវិញ។ មិនតែប៉ុណ្ណោះបានធ្វើឲ្យវិស័យឧស្សាហកម្មពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់អាមេរិកឡាទីន បាននិងកំពុងតែរីកចម្រើនខ្លាំងឡើងគួរឲ្យកត់សម្គាល់

បើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញថា៖ វិស័យនេះគឺជាផ្នែកមួយនៃការយកឈ្នះដ៏ចម្បង លើជំងឺឆ្លងរាតត្បាតសកល COVID-19 ដោយប្រជាជនទាំងអស់អាចអនុវត្តវិធានការស្ថិតនៅផ្ទះ ដោយមិនមានការភ័យខ្លាច ចំពោះការឆ្លងរីករាលដាលបន្ថែម។

ជាមួយគ្នានោះ លោក អូស្កា ស៊ីលវ៉ា (Oscar Silva) អ្នកជំនាញផ្នែកយុទ្ធសាស្រ្តសកល បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា៖«ជនជាតិអាមេរិកឡាទីនជាង ១០លាននាក់ដែលមិនធ្លាប់ទិញទំនិញ តាមរយៈប្រព័ន្ធអនឡាញសោះ តែឥឡូវនេះពួកគេបែរជាងាកមកធ្វើវាជាប្រចាំទៅវិញ»

ដោយឡែកសន្ទុះនៃការលក់ទំនិញ នៅក្នុងតំបន់អាមេរិកឡាទីនដែលលេចធ្លោជាងគេនោះ គឺមិនមែនជាក្រុមហ៊ុន Amazon eBay នោះទេ ប៉ុន្តែគឺជាក្រុមហ៊ុន មឺខាដូលីប្រេ (Mercado Libre) ដែលមានគំរូអាជីវកម្មស្រដៀងគ្នាទៅនឹងក្រុមហ៊ុនខាងលើ និងមានវត្តមាននៅក្នុងប្រទេសចំនួន ១៨ នៅអាមេរិកឡាទីនតែម្តង។ ទោះបីជាមានវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺឆ្លងរាតត្បាតសកល COVID-19 ក៏ដោយក៏ក្រុមហ៊ុនអាហ្សង់ទីនមួយនេះ បានរីកចម្រើនទ្វេដងលើការលក់ទំនិញរបស់ខ្លួន នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២០នេះផងដែរ ដោយសារការកើនឡើងនូវអតិថិជនរហូតដល់ ៥១.១លាននាក់ឯណោះ ឬស្មើនឹងកំណើន ៤៥ភាគរយបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩។

បន្ថែមពីនេះ លោក Silva ក៏បានគូសបញ្ជាក់បន្ថែមថា «ទំហំមូលធនរបស់ខ្លួនក្នុងទីផ្សារបានឈានដល់ ៥៥ពាន់លានដុល្លារអាមេរិកហើយដែលជាដៃគូប្រកួតប្រជែងដ៏ធំមួយជាមួយក្រុមហ៊ុនរុករករ៉ែប្រេស៊ីល វ៉ាល់ (Vale) និងកំពុងឈានទៅយកតំណែង ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅអាមេរិកឡាទីន»

បើតាមលោក Oscar Silva អ្នកជំនាញផ្នែកយុទ្ធសាស្រ្តសកល បញ្ជាក់ទៀតថា ប្រជាជនមួយចំនួនមានការភ័យខ្លាច ចំពោះទំនិញដែលទិញតាមរយៈប្រព័ន្ធអនឡាញនោះ នឹងមិនដូចអ្វីដែលពួកគេបានរំពឹងទុក ប៉ុន្តែប្រជាជនភាគច្រើននៅតែបន្តគាំទ្រដដែលបន្ទាប់ពីដឹងថា ការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនឡាញនេះ មានភាពងាយស្រួល និងមានប្រសិទ្ធភាព៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print