មេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងនូវការដឹងគុណចំពោះគុណូបការ: និងបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនដល់យោធិនសោធននិវត្តន៍ និងពិការ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនដល់យោធិនសោធននិវត្តន៍ ពិការ រួមមាន បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ កងការពារព្រំដែនគោកលេខ៤០២ និងលេខ៤០៣ ចំណុះយោធភូមិភាគទី៤ កងទ័ពជើងគោក ចំនួន១២៥នាក់។

ឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្នុងនាមលោកផ្ទាល់ សូមសម្ដែងនូវសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ទាំងអស់ដែលរយៈពេលកន្លងមកបានធ្វើពលិកម្មយ៉ាងធំធេង ក្នុងចលនារំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នងនោះ ចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមផ្សះផ្សាជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា និងបានចូលរួមចំណែកថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍បន្តទៀតថា គោលនយោបាយកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយបានចូលរួមដោះស្រាយជីវភាពរស់នៅ ទាំងស្មារតី សម្ភារ ថវិកា ជាបន្តបន្ទាប់ជាក់ស្ដែងនាពេលនេះ បានអនុវត្តន៍នូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងពិធីសំណេះសំណាលបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរយស បន្ថែមមួយថ្នាក់ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ របស់អង្គភាពចំណុះ បញ្ជាការដ្ឋានកងទ័ពជើងគោក ឆ្នាំ២០២០។

ក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ យោធិនសោធននិវត្តន៍ និងពិការ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៣០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមនិងថវិការបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ឧបត្ថម្ភជូនដល់យោធិនសោធន៍និវត្តន៍ទាំង១២៥នាក់ ដែលពិធីនេះប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print