ផ្ទះជាង៤០ខ្នងរងការខូចខាតនិងរបួសមនុស្ស២នាក់ដោយសារខ្យល់កន្ត្រាក់នៅខេត្តតាកែវកាលពីម្សិលមិញ

ចែករំលែក៖

ខេត្តតាកែវ៖ មានភ្លៀងនិងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេស កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ។ ដោយឡែក សម្រាប់ខេត្តតាកែវវិញ បាតុភូតធម្មជាតិនេះធ្វើឱ្យផ្ទះជាង៤០ខ្នង រងការខូចខាតនិងរបួសមនុស្ស២នាក់ ។

តាមរបាយការណ៍ពីអាជ្ញាធរដែលយើងទើបទទួលបានបង្ហាញថា ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន២ស្រុកគឺស្រុកសំរោងចំនួន៣ខ្នង និងស្រុកកោះអណ្ដែត ចំនួន៣៩ខ្នង បានរងការខូចខាត ព្រមទាំងរបួសមនុស្ស២នាក់ផងដែរ ។

គួររំលឹកថា ក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និង ជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសនៅតាមបណ្តាខេត្តភាគពាយ័ព្យ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី«ស្ថានភាពធាតុអាកាស» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ ។

តាមរយៈការតាមដាននៃការវិវត្តនិង ប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ខាងមុខនេះ ប្រព័ន្ធសម្ពាធទាបនឹងអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង។

ក្រសួងធនធានទឹក សូមឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ពិសេសអ្នករស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ នៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ បណ្តាខេត្តជាប់ជួរភ្នំក្រវាញ។

ជាមួយគ្នានេះដែរ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមមេត្តាប្រុងប្រយ័ត្នចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ខាងមុខនេះផងដែរ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print