ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទាន ដែលបានផ្តួចផ្តើមឡើងដោយ លោកអភិបាលស្រុកពញាឮ ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ ចាំព្រះវស្សានៅវត្តទាំង ៥៣ ក្នុងស្រុកពញាឮ។
ក្នុងកម្មវិធីបុណ្យនេះ លោករដ្ឋមន្រ្តី និងក្រុមគ្រួសារ បានប្រគេនបច្ច័យដល់ វត្តទាំង ៥៣ នូវបច្ច័យចំនួន ១ លានរៀលក្នុងមួយវត្ត និងក្រុមការងារទាំងអស់ចូលរួមបច្ច័យ ក្នុងមួយវត្ត ១ លានរៀល បន្ថែមទៀតផងដែរ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលបានធ្វើការសាងសង់ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៩០ % ហើយ ៕
ដោយ៖ សុខ ខេមរា