អន្តរជាតិ៖ បច្ចុប្បន្នបណ្តាញសង្គមជាច្រើនបានដាក់អោយប្រើប្រាស់នៅទូទាំងសកលលោកដែលផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងសម្បូរបែបផងដែរ។ ក្នុងនោះ Instagram ក៏ជាបណ្តាញសង្គមដ៏ល្បីឈ្មោះមួយផងដែរ ប៉ុន្តែមិនត្រូវបានស្គាល់ថា បង្កើតឡើងដោយអ្នកណា មកពីណា និងជនជាតិអ្វីនោះទេ?ទាក់ទងនឹងប្រវត្តិនៃការបង្កើតបណ្ដាញ instagram គឺជាសមិទ្ធិផលរបស់សហស្ថានិកពីររូបលោក Mike Krieger និង Kevin Systrom ដែលជាអតីតនិស្សិតមហាវិទ្យាល័យ Stanford រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ជាក់ស្តែងមុនពេលបង្កើតកម្មវិធីនេះ លោក Mike Krieger និង Kevin Systrom ធ្លាប់បង្កើតកម្មវិធីមួយស្រដៀងនឹង Instagram ដែលមានឈ្មោះថា Burbn ។ ក្រោយមកអ្នកទាំងពីរយល់ថា Burbn មិនសូវសំខាន់ រួចក៏បោះបង់កម្មវិធីនេះចោលទៅ។ស្ថាបនិកទាំងពីររូបនេះបានជួបជជែកគ្នា ដោយមានគម្រោងបង្កើតកម្មវិធីចែករំលែករូបភាពដ៏ធំមួយនៅលើទូរសព្ទដៃ។
បន្ទាប់ពីសាកល្បងអស់រយៈពេលជាច្រើនខែ Instagram សម្រេចបើកឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ តុលា ឆ្នាំ២០១០។ ត្រឹមមួយថ្ងៃដំបូងកម្មវិធីនេះទទួលបានអ្នកប្រើប្រាស់ថ្មីកើនដល់ប្រមាណ២៥,០០០នាក់ ។ ក្រោយពីជោគជ័យ លោក Systrom និង Krieger ទទួលបានទុនវិនិយោគបន្ថែម ទើបពួកគេអាចបង្កើនបុគ្គលិកច្រើនជាងមុន។ រហូតមកដល់ខែមីនា ឆ្នាំ២០១២ បណ្ដាញ Instagram មានអ្នកប្រើប្រាស់ជាង ២៧ លាននាក់។
ក្រោយពេល Instagram ដាក់ឱ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បណ្ដាញនេះត្រូវមានអតិថិជនទាញយកទៅប្រើច្រើនជាងមួយលានដងក្នុងមួយថ្ងៃ។ លទ្ធផលនេះ ធ្វើឲ្យលោក Mike និង Kevin ទទួលបានប្រាក់វិនិយោគ ៥០០ លានដុល្លារបន្ថែមទៀត។ នៅក្នុងខែមេសា ឆ្នាំ២០១២ ក្រុមហ៊ុន Facebook បានដាក់សំណើរទិញយក Instagram ក្នុងតម្លៃ ១ ប៊ីលានដុល្លារអាមេរិកជាប្រាក់សុទ្ធ និងនៅតែផ្តល់សិទ្ធិឱ្យក្រុមហ៊ុននេះបន្តការគ្រប់គ្រងជាឯករាជ្យ ដោយស្ថាបនិករបស់ខ្លួនដដែល។
លុះមកដល់ឆ្នាំ ២០១៨ លោក Mike និង Kevin ដែលជាស្ថានិក Instagram បានលាលែងពីតំណែង ដោយលេចឮពាក្យចចាមអារ៉ាមថាលោកទាំងពីរមានគំនិតមិនចុះសម្រុងជាមួយប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg។ បច្ចុប្បន្នបណ្ដាញ Instagram ត្រូវបានដឹកនាំលោក Adam Msseri ជាប្រធាន។
គួរបញ្ជាក់ថា គិតចាប់តាំងពីដាក់ឱ្យដំណើរការលើកដំបូងនៅឆ្នាំ ២០១០ រហូតមកដល់ទល់នឹងសព្វថ្ងៃ Instagram មានអ្នកប្រើប្រាស់ជាប្រចាំខែជិត ២ពាន់លាននាក់ នៅទូទាំងពិភពលោក៕ដោយ៖ស តារា