រដ្ឋាភិបាលអង់គ្លេស សរសើរ​ភាពរឹងមាំ​សេដ្ឋកិច្ច​វៀតណាម ទោះ​នៅក្នុង​ស្ថានភាព COVID-19 ក៏ដោយ​

ចែករំលែក៖

អន្តរជាតិ៖ក្រោយពីប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលអង់គ្លេ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃ៣០ កញ្ញាកន្លងទៅក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពារជាតិជាដើមហើយក៏ជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងរវាងអង់គ្លេស និងបណ្តាប្រទេសដៃគូ ជាពិសេសលើការកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអង់គ្លេស និងវៀតណាម ដែលបានកសាងមួយទសវត្សរ៍ហើយនោះ

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេស លោក Dominic Raab រដ្ឋមន្ត្រីការបរទេសបានជួបពិភាក្សាជាមួយនឹងសមភាគីវៀតណាម លោក Pham Binh Minh ដោយភាគីទាំងពីរបានឯកភាពគ្នាក្នុងការធ្វើឲ្យកាន់តែល្អប្រសើរលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងអង់គ្លេស និងវៀតណាម ភាគីទាំងពីរ បានកំណត់លើទិសដៅសម្រាប់ការអភិវឌ្ឍទ្វេភាគីសម្រាប់ទំនាក់ទំនងក្នុងទសវត្សរ៍បន្ទាប់

សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងថ្មីនោះ ប្រទេសវៀតណាម និងចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការយោបាយការទូត​, ធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​, កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព​, ការពារជាតិ និងកិច្ចសហប្រតិបត្តិការជំរុញឲ្យកាន់តែកៀកគ្នារវាងប្រជាជន និងប្រជាជន

ជាក់ស្តែង ក្នុងជំនួបរវាងប្រមុខការទូតទាំងពីរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកសរសើរវៀតណាម ជាប្រទេសមួយក្នុងតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ច ដែលមានភាពរឹងមាំ ទោះបីជាប្រទេសស្ថិតនៅក្នុងវិបត្តិ Covid-19 ក៏ដោយ លោក អះអាងថា វៀតណាម មានសក្តានុពលធំធេងសម្រាប់ពាណិជ្ជកម្ម និងវិនិយោគលើវិស័យថាមពលកើតឡើងវិញ និងសេវាកម្មហិរញ្ញវត្ថុជាដើម នេះបើតាមភ្នាក់ងារព័ត៌មានវៀតណាម Vietnam News បានចុះផ្សាយ

លោករដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ ក៏បានអរគុណវៀតណាម ដែលបានគាំទ្រអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ដ៏ធំមួយ ដែលអង់គ្លេសជឿជាក់ថា នៅពេលខ្លួន ក្លាយជាភាគីនៃកិច្ចព្រមព្រៀងនេះហើយ អង់គ្លេស នឹងអាចបង្ហាញសក្តានុពល និងឥទ្ធិពលខ្លួនជាថ្មីក្នុងឆាកអន្តរជាតិ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print