ប្រមុខ​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ សម្រេច​លើកចោល​បម្រាម​រឹតត្បិត​កម្រិត​បី​នៅក្នុង​ទីក្រុង Auckland

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២០នេះ មេដឹកនាំ​នូ​វែ​ល​សេ​ឡង់ លោកស្រី Jacinda Ardern បានបង្ហាញ​ពី​ទំនុកចិត្ត​ថា រលក​ឆ្លង​ទី​២នៃ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ទីក្រុង​Auckland បាន​លុបបំបាត់​ស្ទើរតែ​ទាំងស្រុង​ហើយ​។ បន្ទាប់ពីស្ថានភាព​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​លើកចោល​បម្រាម​រឹតត្បិត​កម្រិត​បី​នៅក្នុង​ទីក្រុង Auckland ។​

​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី Jacinda Ardern ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ពេលនេះ លទ្ធភាព​នៃ​ការឆ្លង​COVID-19 ប្រមាណ​៩៥​ភាគរយ ត្រូវបាន​លុបបំបាត់ចោល​។ COVID-19 នឹង​នៅ​ជាមួយ​យើង​ជាច្រើន​ខែ​ទៅមុខទៀត ប៉ុន្តែ​យើង​គួរតែ​លើកចោល​បម្រាម​រឹតត្បិត​»​។​ មិនតែប៉ុណ្ណោះ មេដឹកនាំ​នូ​វែ​ល​សេ​ឡង់​រូបនេះ បាន​សរសើរ​ប្រជាជន​ដែល​អនុវត្ត​វិធានការ​តឹងរ៉ឹង​តាម​ការសម្រេច​របស់រ​ដ្ឋា​ភិ​បាលរ​ហូត​អាច​យកឈ្នះ COVID-19 ជា​លើក​ទី​ពីរ​។​

ជាក់ស្តែង នៅក្នុង​ទីក្រុង​Auckland រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ រាយការណ៍​ថា មិនមាន​ករណី​ឆ្លង​នៅក្នុង​ស្រុក​ចំនួន ១០​ថ្ងៃ​ជាប់​គ្នា​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​ធូរស្រាល​បែបនេះ រដ្ឋាភិបាល​សម្រេច​លើកចោល​បម្រាម​រឹតត្បិត​កម្រិត​បី នៅក្នុង​ទីក្រុង Auckland ចោល និង​ដាក់​បម្រាម​រឹតត្បិត​កម្រិត​មួយ ជំនួស​វិញ​។ ការលើក​ចោល​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៨ ខែតុលា​តទៅ​។

​សូមជម្រាបថា ក្រោម​បម្រាម​រឹតត្បិត​កម្រិត​មួយ​នេះ រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ជួបប្រជុំ​មនុស្ស​លើសពី​១០០​នាក់​ឡើយ ចំណែក​ភោជនីយដ្ឋាន និង​បារ អាច​បើក​ធម្មតា ដោយ​មិន​រក្សា​គម្លាត​សុវត្ថិភាព​។ មកទល់ពេលនេះ នូ​វែ​ល​សែ​ឡង់ មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ១៨៥៥​ករណី អ្នកស្លាប់​មាន​ចំនួន ២៥​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៧៩០​នាក់​។

​ក្រោយ​ស្ងប់ស្ងាត់​១០២​ថ្ងៃ ករណី COVID-19 នៅក្នុង​ទីក្រុង​Auckland ត្រូវបាន​អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់​រាយការណ៍​នៅក្នុង​ខែសីហា​កន្លងទៅ ប៉ុន្តែ​អ្នក​ឆ្លង​លើកដំបូង​នៅក្នុង​ទីក្រុង មិនត្រូវ​បាន​គេ​រកឃើញ​ប្រភព​ចម្លង​នៅឡើយ​ទេ បើទោះបីជា​អាជ្ញាធរ​ដាក់​ការសង្ស័យ​លើ​ឃ្លាំង​ក្លាសេ​មួយកន្លែង​ក៏ដោយ​។ ព្រោះកន្លងមក​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​បម្រាម​រឹតត្បិត​នៅ​ទូទាំងប្រទេស​ទាំងអស់​ម​ក​កម្រិត​មួយលើកលែងតែ​ទីក្រុង​Auckland មួយ​ប៉ុណ្ណោះ ដែល​នៅតែ​រក្សា​កម្រិត​បី ព្រោះ​លទ្ធភាព​នៃ​ការឆ្លង​មាន​ខ្ពស់ជាង​តំបន់​ផ្សេង​។

​គួរបញ្ជាក់ថា ប្រសិន​គ្មាន​ការប្រែប្រួល​ទេ នូ​វែ​ល​សេ​ឡង់ ក៏​នឹង​រៀបចំ​ការបោះឆ្នោត​សភា នៅ​ថ្ងៃទី​១៧ ខែតុលា​ខាងមុខនេះ បន្ទាប់ពី​ពន្យារពេល​ជាច្រើន​ថ្ងៃ និង​សភា​ត្រូវបាន​រំលាយ​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print