អន្តរជាតិ៖ បើតាមរយៈកម្មវិធីបណ្ដាញទូរទស្សន៍អង់គ្លេស ITV រូវបាចាក់ផ្សាយនៅចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០នេះបានរាយការណ៍ថា ព្រះអង្គម្ចាស់ វីលៀម (William) បានបង្ហាញនូវការព្រួយព្រះទ័យយ៉ាងខ្លាំង អំពីការកើនឡើងនៃនីវ៉ូទឹកសមុទ្រ និងផលប៉ះពាល់ផ្សេងទៀតនៃការប្រែប្រួលអាកាសធាតុ។
ក្នុងសារមួយផ្នែករបស់ព្រះអង្គម្ចាស់ William ដែលបណ្ដាញទូរទស្សន៍អង់គ្លេស ITV បានគូសបញ្ជាក់ពីទ្រង់បានលើកឡើងថា«ការប្រែប្រួលអាកាសធាតុបានបង្ក ឱ្យមានការគំរាមកំហែងដល់មនុស្សគ្រប់គ្នា រួមទាំងនៅចក្រភពអង់គ្លេសផងដែរ ដោយយើងអាចនឹងបាត់បង់ជំរកសត្វព្រៃនៅទីនេះ បាត់បង់ដីសម្រាប់ធ្វើកសិកម្ម និងបាត់បង់សហគមន៍របស់យើង ដែលយើងតម្រូវឱ្យមនុស្សគ្រប់គ្នា ចូលរួមការពារតំបន់ទាំងនេះទាំងអស់គ្នា»។
លើសពីនេះ ព្រះអង្គម្ចាស់ William បន្ថែមទៀតថា ការកើនឡើងនៃបញ្ហាអាកាសធាតុនេះ គឺជាការគំរាមកំហែងមួយរួមទាំងនៅមាត់ទ្វាររាជដំណាក់ផ្ទាល់របស់ព្រះអង្គផងដែរ ហើយយើងនឹងដឹងភ្លាមៗថា ព្រឹត្តិការណ៍អាក្រក់ៗទាំងនោះ នឹងកើតឡើងកាន់តែច្រើននាពេលអនាគត។
សូមជម្រាបថា ព្រះអង្គម្ចាស់ William ជាចៅប្រុសរបស់ព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាប៊ែតទី ២ (Elizabeth II) ត្រូវបានអ្នកសារព័ត៌មានទូរទស្សន៍សម្ភាសន៍ទ្រង់នៅព្រះរាជដំណាក់ សេនរីងហាំ (Sandringham Estate) មានទីតាំងនៅតំបន់ អ៉ីសត៍ អាំងក្លៀ(East Anglia) នៃភាគខាងកើតចក្រភពអង់គ្លេស។ តំបន់អឺរ៉ុបត្រូវបានអ្នកវិទ្យាសាស្ត្រព្យាករណ៍ថា ជាកន្លែងដែលនឹងត្រូវរងគ្រោះខ្លាំងផងដែរ ដោយសារតែការឡើងកម្តៅភពផែនដី និងនីវ៉ូទឹកសមុទ្រកើនឡើង៕ដោយ៖ស តារា