ជនរងគ្រោះ៣នាក់ ត្រូវជនបង្ក៣នាក់យកដាវកាប់ទៅលើបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនបង្ក៣នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយជិះម៉ូតូបំបុកផ្តួលម៉ូតូជនរងគ្រោះរួចយកដាវកាប់ទៅលើជនរងគ្រោះ៣នាក់បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់ កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាតថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ អេន សុខាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ទី២.ឈ្មោះ មឿន វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន) និងទី៣.ឈ្មោះ អ៊ី ភីរក្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

ចំណែកជនរងគ្រោះទី១.ឈ្មោះ ម៉ុន សុភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល(ស្លាប់)។ ទី២.ឈ្មោះ ចាន់ ស៊ីដាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្នជាមួយជនរងគ្រោះខាងលើ(របួសធ្ងន់) និងទី៣.ឈ្មោះ ហៃ ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នជាមួយជនរងគ្រោះខាងលើ(របួសធ្ងន់)។

សម្ភារៈបន្សល់ទុក និងស្លាកស្នាម៖ ១.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១CR.២៧៤១ ចំនួន០១គ្រឿង។ ២.ស្នាមរយៈចំហៀងក្បាលផ្នែកខាងស្ដាំទំហំ១៦Cm ចំនួន០១កន្លែង និងស្នាមរយៈខ្នងដល់ឆ្អឹងទំហំ៤.១០Cm ចំនួន០១កន្លែង ។

មន្រ្តីដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្កិឈ្មោះ ចាន់ ស៊ីដាត ភេទប្រុស និងឈ្មោះ ហៃ ហឿន ភេទប្រុស និងមិត្តភក្កិចំនួន០២នាក់ទៀត ជិះម៉ូតូចំនួន០២គ្រឿង ចេញពីហាងផឹកស៊ីមួយកន្លែងដែលមានយីហោ(ម្លប់ស្បូវ) នៅសង្កាត់ពន្សាំង ដោយឈ្មោះ ហៃ ហឿន ជាអ្នកឌុបជនរងគ្រោះ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យចំនួន០៣នាក់ខាងលើ ជិះម៉ូតូម៉ាកដូចខាងលើមកបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្ស័យក៏បានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះចំក្បាលផ្នែកខាងស្ដាំចំនួន០១កន្លែង និងខ្នងចំនួន០១កន្លែងបណ្ដាលឲ្យរបួសធ្ងន់ ដោយស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រ ចំណែកជនរងគ្រោះចំនួន០២នាក់ទៀតរងរបួសធ្ងន់។

ក្នុងករណីនេះរហូតដល់ថ្ងៃទីខែឆ្នាំដដែល វេលាម៉ោង១២និង៣០នាទី កម្លាំងផ្នែកយុត្តិធម៌ខណ្ឌព្រែកព្នៅ បានសហការកម្លាំងនគរបាលប៉ុស្ដិ៍ពញាពន់ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អេន សុខាក់ ភេទប្រុស យកមកធ្វើការសាកសួរនៅប៉ុស្តិ៍តែម្ដង។ រហូតដល់វេលាម៉ោង១៦និង៣០នាទី ដោយមានការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ អេន សុខាក់ ភេទប្រុស ទើបកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ មឿន វណ្ណា ភេទប្រុស នៅចំណុចភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លុះដល់វេលាម៉ោង២១និង០០នាទី ដោយមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មឿន វណ្ណា ភេទប្រុស ថាខ្លួនបានប្រព្រឹត្តអំពើឃាត់កម្មជាមួយឈ្មោះ អ៊ី ភីរក្ស ភេទប្រុស ទើបកម្លាំងសមត្ថកិច្ចយើងចុះធ្វើការឃាត់ជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ អ៊ី ភីរក្ស ភេទប្រុស នៅចំណុចភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។

ឆ្លងតាមការបំភ្លឺ ពាក្យបណ្ដឹង វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យចំនួន០៣នាក់ខាងលើ ថាខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ក្រោយពីមានការឯកភាពពីលោក ហេង ផេង ព្រះរាជ្ងារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឯកភាពអោយកម្លាំងសមត្ថកិច្ចយើងធ្វើការប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្កកណ្ដាល៕ ដោយ៖ព្រែកសំរោង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print